លោក ស៊ុំ វណ្ណា បញ្ជាក់ចំណុចពិសេសរបស់ Timothy
10 Jan 2020 12:08 1255

បច្ចេកទេស, កាយសម្បទាបូករួមទាំងឆន្ទៈ គឺជាចំណុចពិសេសដែលលោក ស៊ុ វណ្ណា បានឃើញពី Timothy Okereke និងជាមូលហេតុភ្នំពេញក្រោនសម្រេចចិត្តជ្រើសរើសខ្សែប្រយុទ្ធរូបនេះមករួមក្រុមត្រៀមប្រកួតប្រជែងរដូវកាលថ្មី២០២០នៃក្របខណ្ឌ Metfone Cambodian League។ 

គ្រូបង្គោលបណ្ដោះអាសន្នដដែលបន្ថែមថា កីឡាករផ្លាស់ពីអង្គរថាយហ្គឺរជាអ្នករ៉ាប់រងនៅតំបន់ប្រយុទ្ធចំតួតែម្ដងហើយគេក៏ចេះជំរុញទឹកចិត្តក្នុងក្រុមជាពិសេសយុវជនឲ្យចេះចូលរួមឆន្ទៈធ្វើការរួមគ្នាទៀតផង។

លោក ស៊ុំ  វណ្ណា ពន្យល់ ៖”គេជាកីឡាករលេខ៩ជាក់លាក់មួយរូបដែលអាចជា top scorer ដែរនៅរដូវកាលមុនហើយឆន្ទៈនៃការលេង, កាយសម្បទា និងបច្ចេកទេស ទាំងកលល្បិចអីផ្សេងៗ វាត្រូវនឹងអ្វីដែលក្លិបចង់បាន។ គាត់ក៏ជាអ្នកជួយជំរុញទឹកចិត្តកីឡាករ និងយុវជនមួយចំនួនទៀតឲ្យចូលរួមកាន់តែខ្លាំងឡើង មានន័យថា ឆន្ទៈធ្វើការរួមគ្នា”។

គួរបញ្ជាក់ថា Timothy Okereke ជាកីឡាករបរទេសពីររបស់ភ្នំពេញក្រោននៅដើមរដូវកាល២០២០នេះបន្ទាប់ពី Paulo Victor, Paul Esoh Omogba, Andres Nieto និង Ideguchi Masaaki។

ខ្សែប្រយុទ្ធដែលធ្លាប់រួមការងារជាមួយលោក ស៊ុំ  វណ្ណា កាលនៅស៊ីម៉ាក់យូណាយធីត ក៏ធ្លាប់លេងឲ្យអង្គរថាយហ្គឺរពីរលើក និងអាស៊ីអឺរ៉ុបយូណាយធីតផងដែរ ហើយគេរកបាន២៣គ្រាប់ឲ្យថាយហ្គឺរនៅ MCL ២០១៩ កន្លងទៅ៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Phnom Penh Crown FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania