ស្ថាបនិកកីឡដ្ឋាន SRU ៖”យើងសហការជាមួយអង្គរថាយហ្គឺរដើម្បីលើកស្ទួយបាល់ទាត់ជាតិ”
12 Jan 2020 10:13 883

កីឡដ្ឋាន SRU ត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកលើកស្ទួយបាល់ទាត់ជាតិ។ នេះបើតាមការគូសបញ្ជាក់ពីលោក លី សេងហួរ ស្ថាបនិកកីឡដ្ឋានដ៏ទំនើបមានមូលដ្ឋានខេត្តសៀមរាបដែលបានឲ្យ CNCC ដឹងក្រោយព្រមព្រៀងផ្ដល់សិទ្ធិជាម្ចាស់ផ្ទះដល់ក្លិបអង្គរថាយហ្គឺរសម្រាប់ប្រើប្រាស់ប្រកួតប្រជែងក្នុងក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារដូវកាលខាងមុខ។

អ្នកជំនួញលើទឹកដីអង្គរខាងលើបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល៣ឆ្នាំ ហើយលោកសង្ឃឹមថា ការប្រកួតនឹងកាន់តែស្វិតស្វាញ ល្អមើល និងអាចទាក់ទាញអ្នកគាំទ្រច្រើនថែមទៀត ដែលជាកត្តាជួយបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន។

លោក លី សេងហួរ សង្កត់ធ្ងន់បែបនេះ ៖”ខ្ញុំសប្បាយចិត្តដែលបានចែករំលែកទីលានមានគុណភាពល្អដល់ក្លិបបានប្រកួតប្រជែង និងសង្ឃឹមថា ការប្រកួតប្រជែងនឹងកាន់តែស្វិតស្វាញថែមទៀត។ វាក៏ជាកត្តាលើកស្ទួយបាល់ទាត់ខ្មែររឹតតែល្អមើល អាចកៀរគរអ្នកទស្សនា និងអ្នកគាំទ្រកាន់តែច្រើន ដែលអាចជួយឲ្យបាល់ទាត់យើងរីកចម្រើនដូចប្រទេសជិតខាង”។

ម្ចាស់ក្លិបបាល់ទាត់ពាក់កណ្ដាលអាជីពសៀមរាបយូណាយធីតដដែលបញ្ជាក់ថា គិតមកទល់ពេលនេះ កីឡដ្ឋាន SRU ដែលមានលើផ្ទៃដី២៧០០០ម៉ែត្រការ៉េ និងអាចផ្ទុកទស្សនិកជនបាន៥០០០នាក់ ស្ថិតក្រោមដំណើរការសាងសង់បានជាង៩០ភាគរយហើយ។ លោក លី សេងហួរ ឲ្យដឹងថា អ្វីគ្រប់យ៉ាងនឹងត្រូវបានបញ្ចប់ជាផ្លូវការទាន់ពេលបើករដូវកាលថ្មី២០២០អំឡុងខែកុម្ភៈ ខាងមុខ។

គួរបញ្ជាក់ថា កីឡដ្ឋាន SRU មានទីតាំងនៅផ្លូវសម្ដេចតេជោ ហ៊ុន សែន ក្រវាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

អត្ថបទ៖​ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania