អ្នកចាត់ការថាយហ្គឺរ ៖ ប្ដូរកីឡដ្ឋានមែន តែវត្ថុបំណងយើងមិនផ្លាស់ប្ដូរទេ
13 Jan 2020 09:57 753

លោក Yusuke Shinoda អ្នកចាត់ការទូទៅក្លិបបាល់ទាត់អង្គរថាយហ្គឺរបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះការផ្លាស់ទៅកីឡដ្ឋាន SRU សម្រាប់រដូវកាលថ្មី២០២០ ព្រោះមើលឃើញជាទីតាំងដ៏ល្អដែលអាចជួយក្លិបរបស់លោកអភិវឌ្ឍបានមួយកម្រិតទៀត។

ដោយឡែក អ្នកចាត់ការជនជាតិជប៉ុនអះអាងថា ទោះបីផ្លាស់ប្ដូរទឹកដីពីកីឡដ្ឋានស្វាយធំទៅទីតាំងថ្មីមែន ប៉ុន្តែក្លិបរបស់លោកមិនផ្លាស់ប្ដូរវត្ថុបំណងទេ ពោលគឺនៅតែព្យាយាមបំផុសអ្នកគាំទ្រឲ្យកាន់តែច្រើន និងរួមចំណែកលើកស្ទួយបាល់កម្ពុជា។

លោក Yusuke Shinoda លម្អិត ៖ “ជាបឋម យើងសូមអរគុណដល់កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)។ ប្រសិនបើពួកគេមិនស្វាគមន៍យើងទេ ប្រហែលមិនមានថាយហ្គឺរដូចបច្ចុប្បន្ន ហើយអ្នកខេត្តនេះក៏ទំនងមិនបានដឹងច្រើនដែរ។ វាជាអនុស្សាវរីយ៍ដ៏អស្ចារ្យ។ តែយ៉ាងណា យើងក៏ត្រូវវិវឌ្ឍខ្លួនឡើងមួយកម្រិតទៀតដែរ។ កីឡដ្ឋាន SRU ពិតជាកីឡដ្ឋានមួយដ៏ល្អ ហើយអ្នករាល់គ្នាសង្ឃឹមថាក្លិបយើងនឹងលេងកាន់តែល្អ ហើយកើនកម្រិតថែមទៀត។ ទោះយើងដូរទឹកដីមែន តែយើងនៅតែព្យាយាមទាក់ទាញអ្នកគាំទ្រកុះករដដែល ហើយយើងរួមចំណែកជ្រោមជ្រែងដល់បាល់ទាត់កម្ពុជា និងខេត្តសៀមរាប។ យើងពិតជារីករាយចំពោះការផ្លាស់ប្ដូរនេះ”។

ថ្នាក់ដឹកនាំដដែលអះអាងមិនបារម្ភពីបញ្ហាសម្របនៅទីលានថ្មីនេះឡើយ ព្រោះជឿជាក់ថា កីឡាករខ្លួននឹងសុំាបន្តិចម្ដងៗ ហើយអាចធ្វើបានល្អថែមទៀត។

គួរដឹងដែរថា មុនផ្លាស់ទៅកាន់កីឡដ្ឋានថ្មី SRU លើកិច្ចសន្យា៣ឆ្នាំនេះ អង្គរថាយហ្គឺរបានចំណាយពេល៣រដូវកាលបោះទីតាំងនៅកីឡដ្ឋានស្វាយធំ ពីចន្លោះឆ្នាំ២០១៧ដល់២០១៩៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania