គ្រូណាហ្គាបង្ហើបទម្លាប់ហ្វឹកហាត់ខ្លាំងរាល់ពេលត្រៀមរដូវកាលថ្មី
20 Jan 2020 16:58 807

ការបុកហ្វឹកហាត់ខ្លាំងដល់ទៅ៨ពេលក្នុងមួយសប្ដាហ៍ គឺជាយុទ្ធសាស្ត្ររបស់លោក មាស ចាន់ណា គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលដ៍ រាល់ពេលត្រៀមរដូវកាលថ្មីម្ដងៗដែលលោកចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០១៦មកទល់បច្ចុប្បន្ន។

គ្រូបង្វឹកកាន់ A-License បញ្ជាក់ថា ៦សប្ដាហ៍មុនចាប់ផ្ដើមរដូវកាលថ្មី លោកតែងតែបង្ហាត់កូនក្រុមយ៉ាងខ្លាំងក្លាទាំងកាយសម្បទា និងបច្ចេកទេសដើម្បីឲ្យពួកគេល្អដូចៗគេ។

លោក មាស ចាន់ណា ពន្យល់ :"ក្នុងការត្រៀមមុនរដូវកាលថ្មី យើងត្រៀម៦សប្ដាហ៍ ដោយហាត់៨ពេលក្នុងមួយសប្ដាហ៍ ថ្ងៃ៥ពេល និងព្រឹក៣ពេល ហើយថ្ងៃសៅរ៍មានប្រកួតតសមជើងទៀត។ ខ្ញ៉ំចាប់ហាត់ខ្លាំងនេះតាំងពី២០១៦ មក លើកលែងតែ២០១៩ដែលយើងត្រៀម AFC Cup។ យើងចង់ឲ្យកីឡាករយើងល្អព្រមៗគ្នា"។

ពាក់ព័ន្ធទៅនឹងលទ្ធផលមិត្តភាពមិនសូវគាប់ប្រសើរនាពេលកន្លងមក លោក មាស ចាន់ណា អះអាងមិនបារម្ភឡើយ ព្រោះលោកបានផ្លាស់ប្ដូរសមាសភាពច្រើនពីមួយប្រកួតទៅមួយប្រកួតដើម្បីឲ្យកូនក្រុម ជាពិសេសក្មេងៗបានសុំាជើងមុនរដូវកាលថ្មីមកដល់។

ជាមួយគ្នានេះ ក្រុមលោក មាស ចាន់ណា ក៏កំពុងធ្វើតេស្ដសមត្ថភាពកីឡាករថ្មីៗមួយចំនួនទាំងក្នុងស្រុក និងបរទេសផងដែរ។

គួររំឭកថា ណាហ្គាវើលដ៍បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣នៃក្របខណ្ឌកំពូលកម្ពុជារដូវកាល២០១៩។ នៅសប្ដាហ៍ទីមួយរបស់ណាហ្គា នឹងជួបប្រកួតជាមួយនគរបាលជាតិ បើកឆាក MCL 2020 នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania