អតីតកីឡាករគិរីវង់ម្នាក់នឹងត្រូវប៉ះព្រះខ័នរាជស្វាយរៀងជម្រុះ AFC Cup ថ្ងៃពុធនេះ
21 Jan 2020 18:33 2851

ក្រោយចំណាយពេលមួយរដូវកាលនៅកម្ពុជាកាលឆ្នាំ២០១៩ អតីតខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ Souleymane Coulibaly ប្រាប់ CNCC ថា បច្ចុប្បន្ននេះ គេបានចុះកិច្ចសន្យាចូលរួមជាមួយក្លិប Master 7 ដែលជាគូប្រជែងរបស់ព្រះខ័នរាជស្វាយរៀងក្នុងវគ្គ Play-Off ពានរង្វាន់ AFC Cup។

កីឡាករជនជាតិម៉ាលីរបានរួមចំណែកជួយក្រុមមានមូលដ្ឋាននៅខេត្តតាកែវទទួលបានចំណាត់ថ្នាក់លេខ៩នៃក្របខណ្ឌ Metfone Cambodian League តែមិនទទួលបានកិច្ចសន្យាថ្មីបន្តទៀតទេ ជាហេតុធ្វើឲ្យគេសម្រេចចិត្តវិលទៅប្រទេសឡាវ និងចូលរួមជាមួយជើងឯករង Lao League តែម្ដង។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំធ្លាប់ប្រកបអាជីពនៅតាមបណ្ដាក្លិបមួយចំនួននៅប្រទេសថៃពីចន្លោះឆ្នាំ២០១២ដល់២០១៧ និងក្លិបឡាវ Savan United ដែលធ្លាប់ដឹកនាំដោយគ្រូបង្គោលគិរីវង់បច្ចុប្បន្ន គឺលោក Ekapob Potisai កាលឆ្នាំ២០១៧កន្លងទៅ។ 

ដោយឡែកជំនួបរវាង Master 7 និងព្រះខ័នរាជស្វាយរៀង ជុំទីមួយនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង៦ល្ងាច មុនបន្តទៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃពុធ ទី២៩ ខែមករា សម្រាប់ជើងទីពីរ។

ក្រុមឈ្នះក្នុងចំណោមភាគីទាំងពីរនឹងឆ្លងចូលពូល G ដែលមាន Ceres Negros របស់ហ្វីលីពីន, ក្រុមវៀតណាម Than Quang Ninh និងក្លិបឥណ្ឌូនេស៊ី Bali United កំពុងរង់ចាំស្រាប់៕

អត្ថបទ៖ CNCC 
ប្រភពរូបៈ Souleymane Coulibaly

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania