សម្ដីត្រួសៗពីភាគីព្រះខ័នរាជស្វាយរៀង និង Master 7 មុនជំនួបជម្រុះ AFC Cup
22 Jan 2020 01:18 1660

ទាំងលោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង និងលោក Mihai Dinu គ្រូបង្គោលក្លិប Master 7 សុទ្ធតែបានបង្ហាញការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនសម្រាប់វគ្គ Play-Off ពានរង្វាន់ AFC Cup ជុំទីមួយ នៅថ្ងៃពុធ ទី២២ ខែមករា នាពហុកីឡដ្ឋានជាតិ។

ជាក់ស្ដែងលោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងទទួលស្គាល់ថា លទ្ធផលគាប់ប្រសើរក្នុងការប្រកួតកម្ដៅសាច់ដុំកន្លងមកអាចជាកម្លាំងចិត្តមួយសម្រាប់ក្រុមលោក តែជំនួបជម្រុះពានកម្រិតទីពីរអាស៊ីនៅថ្ងៃពុធនេះនឹងគិតពីលទ្ធផល០ទល់នឹង០ឡើងវិញ ដូច្នេះលោកត្រៀមគ្រប់បែបយ៉ាងដើម្បីអ្នកគាំទ្រ និងប្រទេសជាតិទាំងមូល។ 

គ្រូបង្វឹកជនជាតិអៀរឡង់ក៏បានលើកសរសើរដល់ Master 7 ដែលមានកូនក្រុមក្នុងស្រុក និងបរទេសល្អៗ ហើយក៏ចាត់ទុកអតីតខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ Souleymane Coulibaly ជាកីឡាករដ៏ល្អមួយរូប។

ជាចុងក្រោយ លោក Conor អះអាងថា នឹងយកជ័យជម្នះនៅជើងទីមួយក្នុងទឹកដីខ្លួនឯង តែប្រសិនបើមិនអាចធ្វើបានទេ នឹងព្យាយាមលេងនៅក្រៅដីប្រកបដោយទំនុកចិត្ត។ 

ចំណែកលោក Mihai Dinu គ្រូបង្គោល Master 7 មិនបានយកលទ្ធផលមិត្តភាពមិនល្អមកគិតក្នុងការប្រកួតជម្រុះដ៏សំខាន់នេះឡើយ ព្រោះគ្រាន់តែជាការត្រៀម និងតេស្ដសមត្ថភាពកីឡាករប៉ុណ្ណោះ។ លោកនឹងព្យាយាមប្រឹងប្រែងរៀបចំក្រុមអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ 

គ្រូបង្វឹកជនជាតិរ៉ូម៉ានីបង្ហើបថា លោកបានជជែកជាមួយកីឡាករ Coulibaly ដែលធ្លាប់លេងនៅកម្ពុជា ហើយលោកសង្ឃឹមថា គេនឹងយកបទពិសោធនេះជួយក្រុមទទួលបានលទ្ធផលល្អ។

ជាមួយគ្នានេះកីឡាករ Keoviengpheth Lithideth ប្រធានក្រុម Master 7 បង្ហើបថា បានស្វែងយល់ពីព្រះខ័នរាជស្វាយរៀង៣ទល់នឹង៤មកហើយ និងបានដឹងពីចំណុចខ្លាំងរបស់ក្រុមនេះដែលមានកីឡាករបរទេសល្អ ហើយការលេងបាល់បោះកាត់ ឬ crossing យ៉ាងចំណានផងដែរ។

សម្រាប់ប្រធានក្រុមព្រះខ័នរាជស្វាយរៀង សឿយ វិសាល បានប្ដេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាដើម្បីនាំជ័យជម្នះ និងសន្យាលេងឲ្យកក្រើកសម្រាប់អ្នកគាំទ្រ។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៦ល្ងាច៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania