អ្នកគាំទ្រព្រះខ័នរាជស្កាត់ពីស្វាយរៀងមើលក្រុមខ្លួនប្រកួតនៅពហុកីឡដ្ឋានជាតិល្ងាចនេះ
22 Jan 2020 14:54 2349

អ្នកគាំទ្រប្រមាណជាង៣០នាក់ពីខេត្តស្វាយរៀងនឹងចូលរួមលើកទឹកចិត្តព្រះខ័នរាជស្វាយរៀងក្នុងវគ្គជម្រុះ AFC Cup 2020 នាពហុកីឡដ្ឋានជាតិ ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ តតាំងក្រុមភ្ញៀវ Master 7 របស់ឡាវ ម៉ោង៦ល្ងាចនេះ។ 

លោក ឯម វិបុល អ្នកគាំទ្រដ៏សកម្មមួយរូបរបស់ក្រុមជើងឯក Metfone Cambodian League 2019 បញ្ជាក់ថា ដោយសារមមាញឹកនឹងការងារ មានតែជាង៣០នាក់ប៉ុណ្ណោះអាចឆ្លៀតមកចូលរួមបាន។ 

ដូច្នេះគេអំពាវនាវអ្នកគាំទ្រព្រះខ័នរាជស្វាយរៀងនៅភ្នំពេញចូលរួមជួយលើកទឹកចិត្តក្រុមកាន់តែថែមទៀត។

យុវជន ឯម វិបុល រៀបរាប់ ៖”ថ្ងៃនេះមានតែមួយឡានជាង៣០នាក់ទេ ព្រោះភាគច្រើនរវល់ការងាររៀងៗខ្លួន ណាមួយមិនមែនថ្ងៃឈប់ផង អ៊ីចឹងពួកគាត់ជាប់ធ្វើការ ដូច្នេះខ្ញុំសូមអំពាវនាវអ្នកគាំទ្រព្រះខ័នរាជស្វាយរៀងនៅភ្នំពេញ សូមមេត្តាមកទស្សនាឲ្យបានច្រើនដើម្បីលើកទឹកចិត្តដល់ក្លិបរបស់យើង និងមានឱកាសឡើងទៅវគ្គចែកពូលជាបន្ត”។

ទោះមិនបានទៅចូលរួមទស្សនាដោយផ្ទាល់ យុវជនមានប្រភពពីខេត្តស្វាយរៀងបញ្ជាក់ថា បងប្អូនអ្នកគាំទ្រនៅខេត្តរបស់គេបានផ្ញើកម្លាំងចិត្តពីចម្ងាយដល់កីឡាករព្រះខ័នរាជស្វាយរៀង និងក្រុមការងារទាំងអស់ផងដែរ។

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង និង Master 7 នឹងជួបគ្នាម្ដងទៀតនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ សម្រាប់ជើងទីពីរ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania