Conor ៖”ផល្លីនប្រឹងខ្លាំងណាស់រាល់ថ្ងៃហ្នឹងស្ទើរតែរកពេលសម្រាកគ្មាន”
08 Feb 2020 18:42 2121

ខ្សែបម្រើប្រយុទ្ធ ហូយ ផល្លីន បង្ហាញសមត្ថភាពកាន់តែល្អឡើងៗនៅប៉ុន្មានប្រកួតចុងក្រោយ។ ទាំងនេះបានមកពីការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃស្ទើរតែគ្មានពេលសម្រាក។ នេះបើតាមការអះអាងពីលោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង។

គ្រូបង្វឹកក្រុមជើងឯក Metfone Cambodian League 2019 មើលឃើញម្ចាស់ថា អាវលេខ១១ប្រចាំក្រុមរូបនេះកាន់តែលេចធ្លោជាងមុន ព្រោះប្រឹងប្រែងខ្លាំងជាងពេលលោកទើបចូលកាន់តំណែងដំបូងម្ល៉េះ ហើយថា លោកពិតជាមានសំណាងល្អដែលមានកីឡាករលំដាប់កំពូលដូចផល្លីន។

លោក Conor ពន្យល់ ៖”តាមពិតទៅរដូវកាលមុនគេក៏លេចធ្លោដូចគ្នា ព្រោះគេទាត់ចូល និងបញ្ជូនឲ្យមិត្តរួមក្រុមបានច្រើន។ ខ្ញុំយល់ស្របដែលគេកាន់តែល្អជាងមុន។ អ្វីដែលសំខាន់នោះ គឺគេប្រឹងប្រែងគ្រប់ពេលវេលា។ បទពិសោធរបស់ខ្ញុំចំពោះផល្លីន គឺពេលខ្ញុំចូលកាន់តំណែងនៅទីនេះដំបូង គេប្រឹង៥នាទី សម្រាក៥នាទី។ ផ្ទុយទៅវិញ ឥឡូវមិនសម្រាកទេ គេប្រឹងប្រែងតាំងពីនាទីទី០១ដល់ចប់ម៉ោង អ៊ីចឹងយើងឃើញថា គេប្រឹងប្រែងប៉ុនណា។ គេជាពិតជាកីឡាករលំដាប់កំពូលម្នាក់ ហើយខ្ញុំពិតជាសំណាងណាស់ដែលបានគេជាកូនក្រុម”។

ហូយ ផល្លីន បានរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឡើងវគ្គចែកពូល AFC Cup 2020 ដោយរកបានពីរគ្រាប់ជើងទីមួយ និងមួយគ្រាប់ជើងទីពីរពេលឈ្នះ Master 7 របស់ឡាវក្នុងវគ្គ Play-Off។ គេក៏រកបានមួយគ្រាប់ពេលឈ្នះ DPMM FC ដែលជាជើងឯកលីគកំពូលសិង្ហបុរី ជំនួបមិត្តភាពកាលថ្ងៃអង្គារ ទី០៤ កុម្ភៈ ផងដែរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania