ស ពិសិដ្ឋ ៖“កីឡាករថ្មីមានសមត្ថភាពមិនសូវខុសពីកីឡាករដែលចេញទៅប៉ុន្មានទេ”
09 Feb 2020 16:07 768

ខ្សែការពារ ស ពិសិដ្ឋ បានមើលឃើញសមាជិកថ្មីៗមករួមរស់ជាមួយសមាគមបាល់ទាត់មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទជំនួសអ្នកចាស់ដែលចេញទៅ មានសមត្ថភាពល្អមិនខុសគ្នាប៉ុន្មានទេ ព្រោះសុទ្ធតែអ្នកមានបទពិសោធមកពីក្លិបដទៃទៀត។

សមាជិកស្នូលដដែលបញ្ជាក់ថា ក្រោយការហ្វឹកហាត់រួមគ្នាមួយរយៈធំមក កីឡាករគ្រប់រូបបានយល់គ្នាប្រមាណ៧០ភាគរយហើយ ហើយក៏បានព្យាយាមសម្រួចបន្ថែមនៅតំបន់ប្រយុទ្ធខ្លះៗ និងទៅតាមយុទ្ធសាស្ត្រដែលគ្រូបង្វឹកចង់បាន។

ស ពិសិដ្ឋ ពន្យល់ ៖”និយាយទៅឥឡូវរដូវកាលថ្មីហ្នឹងគ្រូចាប់ផ្ដើមលេងទម្រង់លេងថ្មី ហើយកីឡាករថ្មី និងចាស់មិនទាន់ស៊ីចង្វាក់គ្នារលូនទេ អ៊ីចឹងយើងព្យាយាមលេងឲ្យរលូនតាមយុទ្ធសាស្ត្ររបស់គ្រូ។ យើងចាប់ផ្ដើមយូរដែរហើយមកដល់ពេលនេះយល់គ្នាប្រហែល៧០ភាគរយដែរហើយ។ នៅស្ទើរតិចតួចតំបន់ខាងលើ។ ចំណែកតំបន់ខាងក្រោមមានជម្រើសការពារច្រើន ព្រោះគ្រូយកការពារមកច្រើន។ និយាយពីសមត្ថភាពកីឡាករថ្មី គឺអាចជួយក្រុមបាន ព្រោះមិនខុសគ្នាឆ្ងាយពីកីឡាករចាស់ដែលចេញទៅទេ ព្រោះពួកគាត់សុទ្ធតែមានបទពិសោធពីក្លិបផ្សេងមក”។

ស ពិសិដ្ឋ អះអាងថា រូបគេ និងសមាជិកឯទៀតព្យាយាមកែប្រែចំណុចខ្វះខាតដើម្បីឲ្យបានល្អមុនរដូវកាលថ្មី ២០២០របស់ខ្លួនចូលមកដល់នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ខាងមុខ ដែលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទនឹងជួបជាមួយម្ចាស់ផ្ទះយុវជនបាទី៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania