អតីតសមាជិកណាហ្គា Barry Leuloma និយាយពីការត្រលប់មកកាន់លីគកំពូលកម្ពុជា
10 Feb 2020 10:07 1488

Barry Alpha Oumar Leuloma អតីតសមាជិកណាហ្គាវើលដ៍ បានវិលមកប្រកបអាជីពនៅ Metfone Cambodian League វិញហើយ ដោយបានចូលរួមជាមួយគិរីវង់សុខសែនជ័យ។ កីឡាករជំនាញជើងឆ្វេងរូបនេះបានបង្ហើបថា ខ្លួនពេញចិត្តនឹងរួមរស់ជាមួយក្លិបមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ ក៏ព្រោះចង់បានការប្រកួតប្រជែងកម្រិតលីគកំពូល ហើយក៏មើលឃើញពីការវិវឌ្ឍដ៏លឿនរបស់បាល់ទាត់កម្ពុជាផងដែរ។

«តាមពិតទៅ ខ្ញុំតែងតែចង់ប្រជែងក្នុងក្របខណ្ឌកំពូល ស្របពេលការប្រជែងយកកុងត្រាក្លិបធំៗនៅថៃពិបាក រួមនឹងតម្រូវការរបស់គិរីវង់ផងនោះ ខ្ញុំបានបង្ហាញចំណាប់អារម្មណ៍របស់ខ្ញុំទៅក្លិប ហើយយើងឈានដល់ការចុះកិច្ចសន្យាតែម្ដង។ ខ្ញុំពិតជារីករាយដែលបានត្រលប់មកកម្ពុជាម្ដងទៀត ព្រោះខ្ញុំមានអនុស្សាវរីយល្អៗជាច្រើន ហើយក៏បានរៀនសូត្រពីលីគកម្ពុជាបានច្រើនផងដែរ។ ចំនុចសំខាន់មួយទៀត ខ្ញុំទទួលស្គាល់ថា កម្រិតនៃការប្រកួតប្រជែង និងគុណភាពក្លិបបាល់ទាត់កម្ពុជាមានការកើនឡើងខ្លាំងមែនទែន ដែលទាក់ចិត្តខ្ញុំឱ្យមកទីនេះម្ដងទៀត»។

ខ្សែបម្រើសញ្ជាតិហ្គីណេដដែលបញ្ជាក់ថា រូបគេភ្ញាក់ផ្អើលចំពោះការដើរទៅមុខរបស់បាល់ទាត់កម្ពុជា ដោយត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ដែលខ្លួនចាកចេញទៅប្រកបអាជីពនៅប្រទេសថៃ អ្វីបានប្រែប្រួលយ៉ាងខ្លាំង។ គេថា ទាំងគុណភាពកីឡាករ ទាំងកម្រិតប្រកួតប្រជែង ក៏ដូចជាការរៀបចំការប្រកួតរបស់គណៈកម្មការ និងក្លិបទាំងអស់ បានខិតកាន់តែកៀកទៅនឹងបទដ្ឋានបាល់ទាត់អន្តរជាតិ។ Barry រំពឹងថា គេនឹងរីករាយជាមួយការប្រកួតក្នុងរដូវកាល២០២០ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

គួររំឭកថា Barry Alpha Oumar Leuloma ជាអតីតយុវជនក្លិប BEC Tero Sasana នៃប្រទេសថៃ ហើយបានផ្លាស់ទៅណាហ្គាវើលដ៍នាឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៦ ទើបចាកចេញទៅប្រទេសថៃវិញ។ ប្រកបអាជីពនៅទីនោះបាន៣រដូវកាល គេបានត្រលប់មកទឹកដីកម្ពុជាជាថ្មី ដោយទទួលបានកិច្ចសន្យាថ្មីៗនេះពីគិរីវង់សុខសែនជ័យ៕

អត្ថបទ៖ CNCC
ប្រភពរូប៖ គិរីវង់សុខសែនជ័យ Kirivong Sok Sen Chey F.C.

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania