អាំ សុវណ្ណារ៉ាត់ ៖ “ប៉ះក្រុមខ្លាំងតែងតែមានសម្ពាធ តែយើងត្រៀមរួចរាល់ហើយ”
11 Feb 2020 12:41 636

Ceres Negros គឺជាក្លិបដ៏ខ្លាំងមួយនៅតំបន់អាស៊ាន និងអាចដាក់សម្ពាធលើគូប្រជែងបានគ្រប់ពេល ប៉ុន្តែសមាជិកគ្រប់រូបរបស់ព្រះខ័នរាជស្វាយរៀងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបបើកឆាក AFC Cup 2020 ប្រចាំពូល G នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ។ នេះបើតាមការអះអាងពីអ្នកចាំទី អាំ សុវណ្ណារ៉ាត់។

អ្នកចាំទីដៃទីមួយខាងលើបញ្ជាក់ថា នេះជាការប្រកួតដ៏ធំមួយក្នុងអាជីព ហើយការប៉ះជាមួយក្រុមខ្លាំង តែងតែមានសម្ពាធខ្លះៗ តែយ៉ាងណា គេមិនយកបញ្ហាដាក់ពីមុខ ដោយផ្ដោតតែលើការប្រឹងប្រែងហ្វឹកហាត់ ដើម្បីជួយក្រុមទទួលបានលទ្ធផលល្អក្នុងការប្រកួតកម្រិតអាស៊ីនេះ។

អាំ សុវណ្ណារ៉ាត់ ពន្យល់ ៖”សម្រាប់ខ្ញុំ មិនមានសម្ពាធអីធំប៉ុន្មានទេ ព្រោះយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួប Ceres ដែលជាក្រុមខ្លាំងប្រចាំតំបន់អាស៊ាន។ យើងត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនតាំងពីឈ្នះ Master 7។ និយាយពីសម្ពាធវាតែងតែមានតិចតួចហើយ តែយើងបានហ្វឹកហាត់ត្រៀមរួចរាល់ ហើយខ្ញុំក៏មិនគិតពីសម្ពាធនេះដែរ កុំឲ្យយើងរវើរវាយ ខ្វាយខ្វល់ច្រើន នាំតែបាត់បង់ទំនុកចិត្ត។ យើងផ្ដោតតែលើការហ្វឹកហាត់ត្រៀមសម្រាប់លេងជាមួយពួកគាត់”។

សមាជិកក្លិបជើងឯក Metfone Cambodian League 2019 បង្ហើបថា ក្រុមជើងឯកលីគកំពូលហ្វីលីពីនមានចំណុចខ្លាំងច្រើនជាពិសេសតំបន់ការពារ និងប្រយុទ្ធ ដែលល្អស្មើគ្នាតែម្ដង។ ជាក់ស្ដែងតំបន់ប្រយុទ្ធសុទ្ធតែមានគុណភាពក្នុងការបញ្ចប់ទី ដូច្នេះត្រូវតែប្រយ័ត្នប្រយែងឲ្យបានខ្ពស់។

ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល ម៉ោង៧និង៣០នាទីយប់ ត្រូវនឹងម៉ោង៦និង៣០នាទីល្ងាចម៉ោងនៅកម្ពុជា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania