មាស ចាន់ណា ៖"បូរី និងកុម្ភៈ នៅតែជាកីឡាករសំខាន់ក្នុងក្រុម"
13 Feb 2020 11:05 896

ទោះវ័យម្នាក់ៗកាន់តែកើនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ គ្រូបង្គោល មាស ចាន់ណា អះអាងថា ខ្សែបម្រើ ឃឹម បូរី និងគួច សុកុម្ភៈ នៅតែជាសមាជិកសំខាន់ក្នុងក្រុម ព្រោះពួកគេចេះរក្សាខ្លួន និងប្រឹងប្រែហ្វឹកហាត់ មិនបណ្ដោយខ្លួនឲ្យធ្លាក់ចុះតាមពេលវេលា។

គ្រូបង្វឹកកាន់ A-License ជឿជាក់ថា កីឡាករជើងចាស់ទាំងពីរនឹងនៅតែធ្វើបានល្អក្នុងការប្រកួតនានានៅរដូវកាលថ្មី ព្រោះដឹងពីរបៀបរក្សាខ្លួនយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយលក្ខណៈអាជីព។

លោក មាស ចាន់ណា ពន្យល់ ៖”ខ្ញុំគិតថា ការលេងរបស់គាត់ឆ្នាំនេះនៅតែល្អ ដោយសារពួកគាត់នៅតែមានការប្រឹងប្រែង ជាពិសេសអ្វីដែលសំខាន់ពួកគាត់ប្រតិបត្តិខ្លួនគាត់ជាកីឡាករអាជីព គាត់ដឹងថាត្រូវថែខ្លួនយ៉ាងម៉េច។ អ៊ីចឹងខ្ញុំគិតថា ពួកគេនៅតែអាចបង្ហាញខ្លួនល្អសម្រាប់ក្រុម និងជាកីឡាករសំខាន់ក្នុងក្រុមទាំងពីរគាត់ហ្នឹង”។

ឆ្នាំ២០២០នឹងក្លាយជារដូវកាលទី៦សម្រាប់ឃឹម បូរី និងគួច សុកុម្ភៈ នៅណាហ្គាវើលដ៍។ ក្រៅពីលេងខ្លួនឯង កីឡាករទាំងពីរក៏រួមចំណែកជួយបង្ហាត់ និងចែករំលែកបទពិសោធដល់មិត្តរួមក្រុមផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ គួច សុកុម្ភៈ ក៏ត្រូវបានជ្រើសរើសចូលក្រុមការងារបង្វឹករបស់លោក Keisuke Honda នៅ SEA Games 2019 កន្លងទៅទៀតផង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania