ថ្នាក់ដឹកនាំ SRU សង្ឃឹមទទួលបានអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅថ្ងៃបើកឆាក MCL 2020
14 Feb 2020 15:02 1187

លោក លី សេងហួរ ស្ថាបនិកក្លិបបាល់ទាត់សៀមរាបយូណាយធីត និងកីឡដ្ឋាន SRU បានបង្ហាញក្ដីសង្ឃឹមថា ជំនួបបើកឆាកក្របខណ្ឌ Metfone Cambodian League 2020 រវាងអង្គរថាយហ្គឺរ និងបឹងកេត នឹងអាចស្រូបទាញបានអ្នកទស្សនាផ្ទាល់ច្រើនកុះករនៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ខាងមុខ។

អ្នកជំនួញនៅខេត្តសៀមរាបថ្លែងថា សប្បាយចិត្តពេលទទួលការប្រកួតដ៏ធំដែលមានអ្នកគាំទ្រច្រើនបំផុតនៅសៀមរាប។ ជាមួយគ្នានេះ លោកថា កីឡដ្ឋាន SRU របស់លោកបានត្រៀមរួចរាល់អស់ហើយសម្រាប់ការប្រកួតបើកឆាក ។

លោក លី សេងហួរ រៀបរាប់ ៖”ខ្ញុំពិតជាសប្បាយចិត្ត និងរំភើបដែលបានទទួលការប្រកួតដ៏ធំ អាចថាធំប្រចាំឆ្នាំសម្រាប់រដូវកាលមុនដែលទទួលបានអ្នកគាំទ្រច្រើនជាងគេនៅសៀមរាប ហើយឥឡូវនឹងធ្វើឲ្យមានការប្រកួតដ៏អស្ចារ្យម្ដងទៀតនៅកីឡដ្ឋាន SRU របស់យើង។ សម្រាប់ការរៀបចំ គឺរួចរាល់ហើយ ហើយសង្ឃឹមថា ការប្រកួតនេះនឹងប្រព្រឹត្តទៅយ៉ាងរលូន។ ខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងចូលរួមយ៉ាងកុះករនៅថ្ងៃអាទិត្យ វេលាម៉ោង៣និង៣០នាទីរសៀល”។

គួររំឭកថា ជំនួប MCL រវាងអង្គរថាយហ្គឺរ និងបឹងកេត នៅសៀមរាបឆ្នាំ២០១៩ កាលណោះធ្វើនៅកីឡដ្ឋានស្វាយធំ ទទួលបានអ្នកទស្សនាបាន៤៣៧៧នាក់ ដែលជាកំណត់ត្រាថ្មី ខណៈចំនួនចាស់ គឺ៤២៥៧នាក់នៅឆ្នាំ២០១៨។

គួរបញ្ជាក់ដែរថា នៅរដូវកាល២០២០ អង្គរថាយហ្គឺរទទួលបានការព្រមព្រៀងពីក្លិបពាក់កណ្ដាលអាជីពសៀមរាបយូណាយធីតទៅរៀបចំការប្រកួតក្នុងផ្ទះរបស់ខ្លួន (Home Match) នៅកីឡដ្ឋាន SRU ជំនួសវិញ៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Angkor Tiger Football Club / ផ្តល់អោយ

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania