អ៊ុំ សេរីរ័ត្ន ៖”យុវជនបាទីប្ដូរកីឡាករច្រើននាក់មែន តែយើងមិនទាន់ប្រាកដឈ្នះពួកគេទេ”
15 Feb 2020 10:53 514

ទោះមើលឃើញពីការផ្លាស់ប្ដូរសមាសភាពច្រើនរបស់យុវជនសាលាបាល់ទាត់ជាតិបាទី អ្នកចាំទី អ៊ុំ សេរីរ័ត្ន ប្រចាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទគិតថា មិនទាន់ប្រាកដអាចឈ្នះ ឬឈ្នះច្រើនគ្រាប់យ៉ាងណាទេទៅលើយុវជនប្រចាំសហព័ន្ធមួយនេះ។

អ្នកចាំទីប្រចាំក្រុមទើបប្ដូរឈ្មោះពីក្រសួងការពារជាតិអះអាងមិនទាន់ដឹងច្បាស់ពីសមាសភាពថ្មីៗរបស់យុវជនបាទីនៅឡើយទេ ដូច្នេះមានតែរង់ចាំមើលការប្រកួតជាក់ស្ដែងនៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ តែម្ដងដែលជាជំនួបបើកឆាករបស់ពួកគេនៅរដូវកាលថ្មី២០២០។

អ៊ុំ សេរីរ័ត្ន ពន្យល់ ៖”សម្រាប់ខ្ញុំ ខ្ញុំមិនទាន់អាចនិយាយបានថា នឹងឈ្នះលើគូប្រកួតតែម្ដង ឬឈ្នះច្រើនគ្រាប់ម៉េចទេ ព្រោះយើងអត់ទាន់ដឹងថា កីឡាករថ្មីរបស់ពួកគាត់លេងត្រូវគ្នាម៉េចឬអត់ទេ អ៊ីចឹងមានតែចាំមើលថ្ងៃសៅរ៍ហ្នឹងតែម្ដងដែលជាការប្រកួតជាក់ស្ដែង”។ 

ពាក់ព័ន្ធទៅនឹងក្រុមខ្លួនវិញ អ៊ុំ សេរីរ័ត្ន បញ្ជាក់ថា បានសហការគ្នាកាន់តែរលូនហើយ បន្ទាប់ពីបានហ្វឹកហាត់ជុំគ្នាមួយខែជាងមក ដោយធ្វើបានល្អទាំងរបៀបលេង, ការយល់ចិត្តគ្នា និងបច្ចេកទេសម្នាក់ៗ។

គួរដឹងដែរថា សមាជិកយុវជនសាលាបាល់ទាត់ជាតិបាទីច្រើនរូបដែលបានចូលរួមការប្រកួតក្របខណ្ឌកំពូលកម្ពុជារដូវកាល២០១៩ មានដូចជា សៀង ចន្ធា, អ្នកចាំទី ថា ច័ន្ទឫទ្ធី, ខ្សែការពារ ជុង មករា, ខ្សែប្រយុទ្ធ ប៊ុនធឿន ប៊ុណ្ណារ៉ុង ជាដើមនោះ បានផ្លាស់ទៅកាន់ទ្រនំថ្មីរៀងៗខ្លួន៕

អត្ថបទ៖ CNCC 
ប្រភពរូបៈ Ministry of National Defense Football Club-ក្លឹបបាល់ទាត់ក្រសួងការពារជាតិ

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania