ប្រាក់ សុវណ្ណារ៉ា ៖”វិសាខាជាក្រុមខ្លាំង ដូច្នេះយើងគ្រាន់តែរំពឹងលទ្ធផលប្រសើរជាងឆ្នាំមុន”
15 Feb 2020 15:01 365

លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លិបនគរបាលជាតិទទួលស្គាល់ថា វិសាខាជាក្រុមខ្លាំង និងជាបេក្ខជនដណ្ដើមជើងឯក Metfone Cambodian League 2020 ដូច្នេះមិនអាចនិយាយដល់ការយកបាន៣ពិន្ទុតែម្ដងទេ តែអ្វីលោករំពឹងនោះ គឺលទ្ធផលដ៏ល្អប្រសើរជាងឆ្នាំមុនពីជំនួបបើកឆាកនៅល្ងាចថ្ងៃសៅរ៍ ទី១៥ កុម្ភៈ។

គ្រូបង្វឹកកម្រិត UEFA Pro-Licensee អះអាងថា នឹងមិនធ្វើឲ្យអ្នកគាំទ្រក្រុមលោកអស់សង្ឃឹមទេពីការប្រកួតបើកឆាករដូវកាល២០២០ ដ៏តានតឹងតតាំងនឹងក្រុមម្ចាស់ផ្ទះដែលមានមូលដ្ឋាននៅ Prince Stadium។

លោក ប្រាក់ សុវណ្ណារ៉ា រៀបរាប់ ៖”បើយើងនិយាយពីវិសាខា យើងដឹងហើយថា គឺជាក្រុមដ៏ខ្លាំងមួយដែលកំពុងប្រជែងជើងឯក ជាសមាសភាពប្រជែងជើងឯក ហើយចំពោះនគរបាលជាតិ យើងគ្រាន់តែរំពឹងថា យើងនឹងអាចធ្វើបានល្អជាងរដូវកាលចាស់តែប៉ុណ្ណឹង។ យើងមិនទាន់មានមហិច្ឆតាប្រជែងជើងឯកអីទេ។ ទាក់ទងនឹងការលេង ជាធម្មតាទេ ប៉ះក្រុមខ្លាំង យើងត្រូវតែមានហេតុផលណាមួយដើម្បីលេងជាមួយគេ។ សង្ឃឹមថា មិនឲ្យទស្សនិកជនខកចិត្តទេ”។

ជាមួយគ្នានេះ អតីតគ្រូបង្គោលក្លិបបឹងកេត និងជម្រើសជាតិកម្ពុជា បញ្ជាក់ថា ទោះមិនបានប្រកួតពាន Pre-Season ដូចក្លិបផ្សេង ក៏ក្រុមរបស់លោកបានត្រៀមខ្លួនយ៉ាងម៉ត់ចត់ និងមានលក្ខណៈប្រសើរជាងមុនដែរ ហើយលោកសង្ឃឹមថា នឹងធ្វើបានល្អនៅរដូវកាលថ្មី។

សម្រាប់រដូវកាល២០២០ នគរបាលជាតិនាំចូលសមាសភាពកីឡាករបរទេសតែម្នាក់ប៉ុណ្ណោះ គឺខ្សែប្រយុទ្ធជនជាតិកូឌីវ័រ Abdel Kader Coulibali ដែលចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីត កាលឆ្នាំ២០១៩៕

អត្ថបទ៖ CNCC
ប្រភពរូប៖ Visakha Football Club

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania