ក្រោយរកបានពីរគ្រាប់ថ្ងៃបើកឆាក Timothy ជឿជាក់នឹងធ្វើបានល្អថែមទៀតនៅប្រកួតក្រោយៗ
17 Feb 2020 16:53 462

ខ្សែប្រយុទ្ធ Timothy Okereke ជឿជាក់ថា រូបគេនឹងអាចរកគ្រាប់បាល់កាន់តែច្រើនថែមទៀតនៅប្រកួតក្រោយៗសម្រាប់ភ្នំពេញក្រោន បន្ទាប់ពីបានបំប៉ោងសំណាញ់ទីពីរគ្រាប់ម្នាក់ឯងក្នុងចំណោមជ័យជម្នះ៣ទល់នឹង០លើអគ្គិសនីកម្ពុជា កាលថ្ងៃសៅរ៍ ទី១៥ កុម្ភៈ បើកឆាក Metfone Cambodian League 2020។

កីឡាករជនជាតិនីហ្សេរីយ៉ាសប្បាយចិត្តដែលអាចស៊ុតបានពីរគ្រាប់នៅថ្ងៃដំបូងសម្រាប់ទ្រនំថ្មី តែថា គេនឹងប្រឹងប្រែងយ៉ាងខ្លាំងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារកគ្រាប់បាល់ឲ្យបានច្រើនជាងពេលនៅអង្គរថាយហ្គឺររដូវកាល២០១៩កន្លងទៅ។

អតីតខ្សែប្រយុទ្ធអង្គរថាយហ្គឺរពន្យល់ ៖”ខ្ញុំរំពឹងថា អាចរកគ្រាប់បាល់កាន់តែច្រើនថែមទៀតនៅប្រកួតក្រោយៗ ព្រោះខ្ញុំប្រឹងប្រែងសំលៀងសមត្ថភាពរបស់ខ្ញុំខ្លាំងណាស់ដើម្បីមានលទ្ធភាពទាត់បញ្ចូលទីឲ្យបានច្រើនជាងកាលលេងនៅអង្គរថាយហ្គឺរ។ ការទាត់បញ្ចូលទីគឺជាតួនាទីរបស់ខ្សែប្រយុទ្ធ ហើយខ្ញុំមានទំនុកចិត្តថាអាចធ្វើបាន ពីព្រោះនៅមានឱកាសពង្រឹងសមត្ថភាពបន្ថែមទៀត”។

កីឡាករធ្លាប់លេងនៅស៊ីម៉ាក់យូណាយធីត និងអាស៊ីអឺរ៉ុបយូណាយធីតក៏បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូបង្វឹក និងមិត្តរួមក្រុមដែលបានបង្កើតឱកាសឲ្យគេស៊ុតបញ្ចូលទីក្នុងការប្រកួតផ្លូវការជាលើកដំបូងរបស់ភ្នំពេញក្រោននៅរដូវកាលថ្មី។ គេពិតជារីករាយដែលបានសហការគ្នាយ៉ាងរលូន។

គួររំឭកថា Timothy Okereke រកបាន២៣គ្រាប់នៅក្របខណ្ឌ Metfone Cambodian League 2019 ពេលនៅអង្គរថាយហ្គឺរ ខណៈ Privat Mbarga របស់ព្រះខ័នរាជស្វាយរៀងគ្រងស្បែកជើងមាសដោយរកបាន៣៦គ្រាប់៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania