គ្រូកំពតបង្ហើបចំណុចខ្លាំងកោះកុងមុនប៉ះគ្នាក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
19 Feb 2020 01:16 580

អ្នកចាំទី និងខ្សែការពារដ៏រឹងមាំត្រូវបានលោក យី ប៊ុនធឿន គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសខេត្តកំពតមើលឃើញថា ជាចំណុចខ្លាំងរបស់ក្រុមកោះកុងក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២០នេះ។

គ្រូបង្វឹកកំពតថ្លែងបែបនេះមុនក្រុមទាំងពីរប៉ះគ្នានៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ បញ្ចប់ជើងទីមួយប្រចាំពូល ង នៅខេត្តកោះកុង។ ជាមួយគ្នានេះកត្តាទីលានក៏អាចជាកង្វល់របស់លោក យី ប៊ុនធឿន នៅពេលលេងសំរុក និងដកថយវិញ។

លោក យី ប៊ុនធឿន ពន្យល់ ៖”ចំណុចពិសេសរបស់ខេត្តកោះកុង គឺខ្សែការពាររបស់គេមានកម្រិតខ្ពស់ ហើយអ្នកចាំទីគេក៏ចាប់បាល់ល្អថែមទៀត។ ការព្រួយបារម្ភរបស់ខ្ញុំ គឺនៅពេលវាយបក ហើយដកថយវិញ ពាក់ព័ន្ធនឹងទីលាន បើទីលានល្អ យើងមើលទៅអាចប្រដំត្រសងជាមួយគ្នាបាន”។

យ៉ាងណា លោក យី ប៊ុនធឿន លើកឡើងថា ការលេងរបស់ក្រុមមានមូលដ្ឋាននៅខេត្តជាប់ដែនសមុទ្រមិនខុសគ្នាប៉ុន្មានទេ។ លោកថា អាចនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងកីឡាករមួយចំនួនពេលប៉ះកោះកុង។

ពីរប្រកួតកន្លងទៅប្រចាំពូល ង កែបមាន៦ពិន្ទុ ឈរកំពូលតារាង ខណៈកំពតនៅលេខពីរ មាន៣ពិន្ទុ។ ចំណែក ព្រះសីហនុ និងកោះកុង មានមួយពិន្ទុដូចគ្នា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania