អ្នកចាត់ការខេត្តពោធិសាត់យល់ថា ស្មើគ្នា ០-០ ទល់នឹងបាត់ដំបង ព្រោះក្រុមអវត្តមានកីឡាករសំខាន់ច្រើនរូប
19 Feb 2020 12:06 496

អ្នកចាត់ការទូទៅក្រុមបាល់ទាត់ខេត្តពោធិសាត់ លោក ប៉ូ គីនណាក់ បានលើកឡើងថា ក្រុមរបស់លោករកបានត្រឹមលទ្ធផលស្មើគ្នា ០-០ ក្នុងផ្ទះទល់នឹងក្រុមភ្ញៀវបាត់ដំបង ក៏ព្រោះតែអវត្តមានកីឡាករសំខាន់ៗមួយចំនួន ដែលបង្កក្ដីលំបាកដល់តំបន់បម្រើ ពិសេសគុណភាពនៃការប្រយុទ្ធរបស់ខ្លួន ក្នុងយុទ្ធនាការពានរង្វាន់សម្ដេចតេជោលើកទី១៤ ឆ្នាំ២០២០ នាប្រកួតទី៣នេះ។ 

«សម្រាប់ការប្រកួតនៅក្នុងណាត់ទី៣នេះ យើងបាត់បង់កីឡាករសំខាន់ខ្លះដែរ ដោយសារខ្សែបម្រើរបស់យើងមួយចំនួនគាត់មានបញ្ហារបួស ហើយមួយចំនួនទៀតមានភារៈចាំបាច់មិនអាចមកចូលរួមជួយក្រុមបាន ហេតុនេះហើយធ្វើឱ្យចង្វាក់នៃការលេងរបស់ក្រុម ពិសេសការចែកបាល់ពីតំបន់កណ្ដាលទៅ មានកម្រិតក្រោមបន្តិចបើធៀបនឹងការប្រកួតមុនៗ»។

បន្ថែមលើនេះ អ្នកចាត់ការដដែលពន្យល់ថា កត្តាអាកាសធាតុក្ដៅខ្លាំងក៏ជាផ្នែកមួយធ្វើឱ្យពោធិសាត់ខកខានរកជ័យជម្នះក្នុងជំនួបនេះដែរ។ យ៉ាងណាក្ដី លោកថានឹងព្យាយាមកែប្រែចំនុចខ្វះខាតនាពេលកន្លងមក ដើម្បីស្វែងរកលទ្ធផលគាប់ប្រសើរបន្ថែម ឈានទៅកាន់ការប្រកួតវគ្គបន្ទាប់។

គួរដឹងដែរថា ពោធិសាត់មានឱកាសទាត់ទីក្រុមភ្ញៀវដល់ទៅ៩លើក ប៉ុន្តែពុំចំគោលដៅទាត់តែសោះ ដែលធ្វើឱ្យពួកគេរកបានតែ១ពិន្ទុពីក្រុមភ្ញៀវបាត់ដំបង។ បែបណាក្ដី ក្រុមមួយនេះនៅតែរក្សាបានចំណាត់ថ្នាក់លេខ២ក្នុងពូល បន្តការប្រដេញគ្នាជាមួយក្រុមកំពូលតារាងខេត្តកំពង់ឆ្នាំង ដែលមាន៥ពិន្ទុស្មើគ្នា ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania