សម្ដីគ្រូបឹងកេត និងវិសាខាមុនប៉ះគ្នានៅ MCL ថ្ងៃសៅរ៍នេះ
22 Feb 2020 09:42 1372

ក្លិបបាល់ទាត់បឹងកេតនឹងទទួលភ្ញៀវវិសាខានាកីឡដ្ឋាន Cambodian Airways សម្រាប់សប្ដាហ៍ទី៣ក្របខណ្ឌ Metfone Cambodian League ២០២០ នៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ។

លោក Apisit Im.Amphai គ្រូបង្គោលបឹងកេត បានចាត់ទុកវិសាខាជាក្រុមដ៏ខ្លាំងមួយនៅក្របខណ្ឌ Metfone Cambodian League ដោយសារមានកីឡាករល្អៗ និងបរទេសច្រើន ដូច្នេះលោកសន្យាថា នឹងរៀបចំក្រុមឲ្យល្អជាងប្រកួតដំបូងជាមួយអង្គរថាយហ្គឺរ។

គ្រូបង្វឹកជនជាតិថៃទទួលស្គាល់ថា នៅមានចំណុចខ្វះខាតខ្លះៗដែលត្រូវពង្រឹងបន្ថែម តែយ៉ាងណាលោកមិនអាចបរិយាយចំពោះមុខគូប្រជែងបានទេ។ យ៉ាងណា អតីតគ្រូបង្វឹកធ្លាប់ឈ្នះជើងឯក MCL ពីរដង និងពានសម្ដេចតេជោ ហ៊ុន សែន មួយលើកកាលនៅភ្នំពេញក្រោន អះអាងត្រូវការជ័យជម្នះយ៉ាងចាំបាច់ ជាពិសេសក្នុងដីខ្លួនឯងពីមុខអ្នកគាំទ្រ។

ចំណែកលោក Colum Curtis គ្រូបង្គោលវិសាខាបានចាត់ទុកគ្រប់គូប្រកួតសុទ្ធតែលំបាកសម្រាប់ក្រុមលោក មិនមានក្រុមណាមួយអាចនឹងងាយស្រួលទេ ព្រោះសុទ្ធតែមានការរៀបចំល្អដូចៗគ្នា។ 

ដោយឡែកក្នុងការប្រកួតបើកឆាកកន្លងទៅ គ្រូបង្វឹកជនជាតិអៀរឡង់ គិតថា ជ័យជម្នះត្រឹម២ទល់នឹង១លើនគរបាលជាតិ មិនអាក្រក់ពេកទេសម្រាប់ក្រុម តែយ៉ាងណា លោកបានព្យាយាមកែប្រចំណុចខ្វះខាតទាំងឡាយឲ្យល្អប្រសើរឡើងវិញដែរមុនប៉ះបឹងកេត។

សម្រាប់ប្រធានក្រុមវិសាខា ង៉យ ស្រ៊ីន និងខ្សែប្រយុទ្ធបឹងកេត ម៉ាត់ នូរុណ សុទ្ធសឹងតែបង្ហាញការត្រៀមខ្លួន និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំមុនការប្រកួតដ៏កក្រើកនៅ Cambodian Airways Stadium៕

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania