សម្រង់សម្ដីសំខាន់ៗពីភាគីព្រះខ័នរាជស្វាយរៀង និង Bali United មុនជំនួប AFC Cup

25 Feb 2020 02:53

1012

Share :


ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងទទួល Bali United សម្រាប់ជំនួបលើកទីពីរប្រចាំពានរង្វាន់ AFC Cup 2020 ពូល G នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ វេលាម៉ោង៦ល្ងាច នាពហុកីឡដ្ឋានជាតិ។ 

ក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃចន្ទ ទី២៤ កុម្ភៈ លោក Eko Purjianto គ្រូបង្វឹកក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី ទទួលស្គាល់ថា ព្រះខ័នរាជស្វាយរៀងជាក្រុមដ៏ខ្លាំងមួយ ជាពិសេសកីឡាករប្រេស៊ីល Pedro Augusto, Daisuke Kobayashi និង Privat Mbarga។ 

យ៉ាងណា គ្រូបង្វឹកជាអតីតកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីដដែលអះអាងថា នឹងព្យាយាមអស់ពីសមត្ថភាព ហើយសង្ឃឹមអាចដណ្ដើមបានលទ្ធផលល្អក្នុងការប្រកួតដ៏សំខាន់នេះ។ 

ចំណែកខ្សែការពារ Haudi Abdillah និយាយថា ក្រុមរបស់គេត្រៀមខ្លួនរួចរាល់អស់ហើយដោយបានហ្វឹកហាត់នៅបាលីយ៉ាងល្អលើទីលានសិប្បនិម្មិត។ គេរំពឹងទទួលបានលទ្ធផលវិជ្ជមានពីក្រុមម្ចាស់ផ្ទះ តែក៏នៅតែរក្សាការគោរពចំពោះក្រុមជើងឯក Metfone Cambodian League ដែរ។ 

ពាក់ព័ន្ធនឹងសមាសកីឡាករវិញ លោក Eko Purjianto ឲ្យដឹងថា បាននាំកូនក្រុមមកកម្ពុជា២០នាក់ ហើយសុទ្ធសឹងតែស្ថិតក្នុងលក្ខខណ្ឌល្អទាំងអស់ ពុំមានអ្វីព្រួយបារម្ភឡើយ។

ជាមួយគ្នានេះលោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបានស្វាគមន៍ Bali United ដែលបានមកកាន់កម្ពុជា។ លោកថានឹងត្រៀមឲ្យបានល្អជាងកាលប្រកួតជាមួយ Ceres Negros នៅថ្ងៃបើកឆាកដែលលោកមើលឃើញថា ធ្វើមិនសូវបានល្អទៅតាមផែនការ។ 

លោកសង្ឃឹមទទួលបានអ្នកគាំទ្រច្រើននៅពហុកីឡដ្ឋានជាតិដើម្បីជាកម្លាំងដល់កូនក្រុម។

សម្រាប់ខ្សែបម្រើ សួន សុវណ្ណ មើលឃើញថា Bali United មានខ្សែប្រយុទ្ធសម្បូរគ្រោះថ្នាក់ ដូច្នេះសមាជិកគ្រប់រូបត្រូវប្រុងប្រយ័ត្នខ្លាំងលើចំណុចនេះ។

គួរដឹងដែរថា ជើងឯកលីគកំពូលកម្ពុជា ស្វាយរៀង បើកឆាកចាញ់ Ceres Negros ៤ទល់នឹង០នៅហ្វីលីពីន ខណៈ Bali ឈ្នះ Than Quang Ninh របស់វៀតណាម៤ទល់នឹង១៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Preah Khan Reach Svay Rieng FC / Bali United FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania