ប្រកួត AFC Cup ថ្ងៃពុធនេះនឹងមានពិនិត្យសុខភាព០៤កន្លែងនៅពហុកីឡដ្ឋានជាតិ

10 Mar 2020 20:32

1197

Share :


យោងតាមវេជ្ជបណ្ឌិតពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី នឹងមានការត្រួតពិនិត្យសុខភាពចំនួន៤ទីតាំងក្នុងបរិវេណពហុកីឡដ្ឋានជាតិអំឡុងថ្ងៃប្រកួតពានរង្វាន់ AFC Cup ពូល G ២០២០ រវាងព្រះខ័នរាជស្វាយរៀង និងក្លិប Than Quang Ninh នៅល្ងាចថ្ងៃពុធ ទី១១ ខែមីនា។ 

លោក ច័ន្ទ មិថុនា មន្ត្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា ទីតាំងទាំង៤ គឺខាងក្រោមពីរដែលមានច្រកអ្នកសារព័ត៌មាន និងអ្នកទស្សនា បូករួមទាំងច្រកខាងលើចំនួនពីរទៀត។ នៅពេលពិនិត្យរួចនឹងមានបិទស្ទីកគ័រចំណាំផងដែរ។

មន្ត្រីព័ត៌មានខាងលើលម្អិតបែបនេះ “៖បន្ទាប់ពីការប្រជុំជាមួយ AFC និងវេជ្ជបណ្ឌិតពាក់ព័ន្ធនឹងបញ្ហា COVID 19 គឺនៅច្រកចូលអ្នកសារព័ត៌មាននឹងមានពិនិត្យសុខភាព ហើយក្រោយការពិនិត្យនឹងមានបិទស្ទីកគ័រលើកាតដើម្បីចំណាំ។ សម្រាប់ច្រកទស្សនិកជនដូចគ្នា គឺមានកន្លែងពិនិត្យចំនួនពីរ និងមានស្ទីកគ័របិទលើក្រចកដៃផងដែរ ប្រសិនបើអ្នកណាមិនមាន យើងនឹងអញ្ជើញពួកគាត់ទៅឆែកសិន”។

លោក ច័ន្ទ មិថុនា បន្ថែមថា វេជ្ជបណ្ឌិតពី AFC ក៏បានអំពាវនាវឲ្យអ្នកចូលរួមគ្រប់រូបរក្សាអនាម័យ ដោយមិនត្រូវខាកស្ដោះពាសវាសពាសកាល និងប្រើក្រដាសខ្ទប់ពេលផ្ដាសាយ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania