អតីតកីឡាករណាហ្គា ទៀត សុខា បង្ហើបគម្រោងក្នុងក្រុមជម្រើសខេត្តកំពង់ធំរដូវកាលក្រោយ
18 Mar 2020 14:58 1154

ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ វគ្គចែកពូល កន្លងទៅ អតីតសមាជិកណាហ្គាវើលដ៍ ទៀត ចាន់ដារ៉ាសុខា បានសម្រេចចូលប្រជែងលើវាលស្មៅវិញ ដោយជួយខេត្តកំណើតកំពង់ធំរបស់ខ្លួន។ 

ខ្សែការពាររូបនេះប្រាប់ថា ក្រៅពីចូលរួមលេងដោយផ្ទាល់ គេក៏បានរួមចំណែកបង្ហាត់បច្ចេកទេសដល់កីឡាករជំនាន់ក្រោយដែរ។ តែយ៉ាងណា នៅឆ្នាំតទៅមុខទៀត លោកនឹងផ្ដោតលើការបង្វឹកតែមួយគត់វិញម្ដង។ 

ទៀត សុខា បញ្ជាក់ “៖ខ្ញុំជាគ្រូផង ជាកីឡាករផង បង្ហាត់ពួកគាត់លេងក្នុងពានសម្ដេចផង។ តែយ៉ាងណា ឆ្នាំក្រោយខ្ញុំអាចនឹងធ្វើតែគ្រូបង្វឹកមួយមុខគត់ទេ ហើយឈប់លេងតែម្ដងហើយ”។ 

អតីតសមាជិកខេមរាកីឡាដដែលពន្យល់ថា ការវិលមកលេងបាល់វិញនេះ ព្រោះចង់ដឹកនាំយុវជនជំនាន់ក្រោយមានសកម្មភាពក្នុងកីឡា និងការងារសង្គម ចៀសឆ្ងាយពីអំបាយមុខ ដូចជាគ្រឿងញៀនជាដើម។ ទោះមិនបានលទ្ធផលល្អយ៉ាងណា គេសប្បាយចិត្តចំពោះការរួមចំណែកមួយនេះ។

គួរបញ្ជាក់ថា ទៀត សុខា ដែលមានវិញ្ញាបនបត្រគ្រូបង្វឹកកម្រិត C ផងនោះផ្ដើមអាជីពបាល់ទាត់នៅខេមរាកីឡា និងបន្តលេងឲ្យណាហ្គាវើលដ៍រហូតដល់ដំណាច់រដូវកាល២០១៧។ ក្រៅពីកីឡាករវ័យ៣០ឆ្នាំប្លាយខាងលើ អតីតកីឡាករខេមរាកីឡា និងភ្នំពេញក្រោន ភួង ណារ៉ុង ក៏បានចូលរួមជួយកំពង់ធំផងដែរ។

គួរដឹងដែរថា ក្រុមជម្រើសខេត្តកំពង់ធំមិនបានឆ្លងទៅកាន់វគ្គ៨ក្រុមពានសម្ដេចតេជោ ថ្នាក់ខេត្តឡើយ ក្រោយមានត្រឹម៣ពិន្ទុនៅពូល ខ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania