ក្លិបនៅ MCL មួយចំនួនប្រាប់វិធានការហ្វឹកហាត់អំឡុងការផ្អាកប្រកួត
20 Mar 2020 15:36 1089

ខណៈគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានប្រកាសពីការផ្អាកប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ជាបណ្ដោះអាសន្នដោយសារបញ្ហាជំងឺ COVID 19 ក្លិបនីមួយៗបានរៀបចំវិធានការហ្វឹកហាត់ផ្សេងៗគ្នា។

ក្នុងនោះ លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ឲ្យដឹងថា លោកបានអនុញ្ញាតឲ្យកីឡាករសម្រាកជិតមួយសប្ដាហ៍ហើយតាំងពីចប់ការប្រកួតជាមួយគិរីវង់សុខសែនជ័យនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា។ លោកថា មិនទាន់ច្បាស់អាចវិលមកហាត់ជុំគ្នាវិញនៅសប្ដាហ៍ក្រោយ រយៈពេលពីរឬបីថ្ងៃក្នុងមួយសប្ដាហ៍ឬយ៉ាងណាទេ ព្រោះមិនដឹងថ្ងៃចាប់ផ្ដើមប្រកួតជាថ្មី។ 

លោកបង្ហើបថា មានបំណងចង់ឲ្យកីឡាករសម្រាកដល់ចូលឆ្នាំខ្មែររួច ព្រោះមិនចង់ឲ្យកូនក្រុមហ្វឹកហាត់ទាំងមិនទាន់ដឹងកាលបរិច្ឆេទថ្មីពិតប្រាកដ។

ចំណែកលោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីតឲ្យដឹងថា មិនអាចចោលការហ្វឹកហាត់ទាំងស្រុងទេ ដោយគ្រាន់តែបានកាត់បន្ថយថ្ងៃ ព្រោះម្យ៉ាងចូលឆ្នាំខ្មែរក៏ជិតចូលមកដល់ផង។ ក្រុមការងារក៏បានឲ្យកីឡាករហ្វឹកហាត់ខ្លួនឯង បង្ការការធ្លាក់សមត្ថភាព។

ជាមួយគ្នានេះលោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនប្រាប់ថា ក្លិបបានរៀបចំការហ្វឹកហាត់ដោយខ្លួនឯងសម្រាប់កីឡាករ ដោយផ្ញើលំហាត់តាមអនឡាញ។ លោកថា តាំងពីប្រកួតជាមួយអង្គរថាយហ្គឺរ ក្លិបបានអនុញ្ញាតឲ្យកីឡាករសម្រាក០៣ថ្ងៃ ហើយរហូតដល់ថ្ងៃប្រកាសរបស់ CNCC ក៏បានបន្តឈប់ថែមទៀត ដោយឲ្យកូនក្រុមហាត់ជាឯកជនវិញ។ 

អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាដដែលបន្ថែមថា កីឡាករទាំងអស់នឹងវិលត្រលប់មកក្លិបវិញនៅថ្ងៃចន្ទ ទី២៣ មីនា តែក្នុងពេលនោះដែរ នឹងមានការធ្វើតេស្ដពិនិត្យសុខភាពពួកគេជាមុនសិនដើម្បីវាយតម្លៃមើលថាតើអាចហាត់ជុំគ្នាវិញឬយ៉ាងណា។

សម្រាប់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទវិញត្រូវបានលោកអគ្គលេខាធិការ ខូវ ឆាយ បង្ហើបថា នឹងសម្រាកហ្វឹកហាត់ចំនួន០៣ថ្ងៃ គឺពីថ្ងៃសុក្រ ទី២០ មីនា នេះរហូតដល់ថ្ងៃចន្ទ ទី២៣ មីនា។

គួរដឹងដែរថា ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League ២០២០ ចាប់ពីសប្ដាហ៍ទី៦តទៅ បូករួមទាំងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានលើកពេលមួយរយៈសិនបន្ទាប់ពីផ្ទុះការរីករាលដាលជំងឺ COVID 19៕ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania