ស្រាំង ទិត្យឈី “៖ខ្ញុំដឹងថា អគ្គិសនីពិបាកប្រជែងនៅ MCL តែខ្ញុំមកទីនេះព្រោះហេតុផលពីរយ៉ាង”
21 Mar 2020 12:57 1366

ខ្សែការពារ ស្រាំង ទិត្យឈី ទទួលស្គាល់ក្លិបអគ្គិសនីកម្ពុជាពិតជាពិបាកប្រកួតប្រជែងតំណែងជើងឯកក្របខណ្ឌ Metfone Cambodian League ដោយសារប្រើតែកីឡាករខ្មែរ និងជាពិសេសយុវជន តែអ្វីសំខាន់សម្រាប់គេ គឺឱកាសលេង និងប្រឹងអស់ពីសមត្ថភាព។

កីឡាករផ្លាស់ពីភ្នំពេញក្រោននៅដើមរដូវកាល២០២០សប្បាយចិត្តដែលទទួលបានឱកាសបង្ហាញខ្លួនយ៉ាងទៀងទាត់នៅជម្រើស១១នាក់ដំបូងសម្រាប់ទ្រនំថ្មីមួយនេះ។

ទិត្យឈី ពន្យល់ “៖ខ្ញុំទទួលស្គាល់ក្លិបយើងនៅមានកម្រិត តែយើងព្យាយាមធ្វើតាមតែអាចធ្វើបាន ហើយយើងក៏សុទ្ធតែជាកីឡាករខ្មែរ ភាគច្រើនជាយុវជនទៀត អ៊ីចឹងពិបាកយកពានជាមួយគេ។ ប៉ុន្តែគោលដៅសំខាន់របស់ខ្ញុំ គឺខ្ញុំបានបង្ហាញ ហើយសម្រាប់ការប្រកួតប្រជែង គឺយើងត្រូវតែប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើងតែម្ដង”។

កីឡាករមានប្រភពពីខេត្តស្ទឹងត្រែង បានបង្ហាញខ្លួនទាំង៤លើកដំបូងនៅ Metfone Cambodian League សម្រាប់អគ្គិសនីកម្ពុជា។ គេថា ការលេងជាមួយសមាជិកថ្មីពុំមានអ្វីជាបញ្ហាទេ និងបានព្យាយាមចែករំលែកបទពិសោធជាមួយសិស្សប្អូនមួយចំនួនដែរ។

ស្រាំង ទិត្យឈី បានចំណាយពេលជើងទីមួយនៅរដូវកាល២០១៩នៅបឹងកេត មុនវិលទៅភ្នំពេញក្រោនក្នុងជុំទីពីរ។ តែយ៉ាងណា គេបានសម្រេចចិត្តចាកចេញសាជាថ្មីពីក្លិបដែលរួមរស់តាំងពីនៅថ្នាលយុវជនមកកាន់អគ្គិសនីកម្ពុជាដើម្បីកៅអី១១នាក់ដំបូង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania