ឱ ភារុណ ថាបើមានឱកាសចង់ឱ្យ ឃុន សេងថៃ មកលេងក្លិបរួមគ្នាដូចមុន
21 Mar 2020 16:19 1127

ខ្សែប្រយុទ្ធស្លាបរបស់បឹងកេត ឱ ភារុណ ចង់អោយ ឃុន សេងថៃ មកលេងជាមួយខ្លួនក្នុងក្រុមតែមួយដូចមុនវិញ បើសិនជាកីឡាករអគ្គិសនីរូបនេះមានឱកាស។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ បានបញ្ជាក់ ៖«ខ្ញុំសង្ឃឹមថា គាត់នឹងព្យាយាមជាមួយក្លិបថ្មីរបស់គាត់អោយបានល្អ ដើម្បីមានឱកាសជាប់ជម្រើសជាតិ ហើយថ្ងៃខាងមុខ ខ្ញុំសង្ឃឹមបានលេងក្រុមជាមួយគ្នាដូចមុន»។ 

កីឡាករជំនាញជើងឆ្វេង បានសម្ដែងអារម្មណ៍រីករាយ ក្រោយឃើញអតីតមិត្តរួមក្រុម ឃុន សេងថៃ វិលមកសមរភូមិវាលស្មៅវិញ បន្ទាប់ពីឈប់ពីបាល់ទាត់អស់រយៈពេល១ឆ្នាំ។ 

ខ្សែប្រយុទ្ធស៊ុត១គ្រាប់ជួយអោយបឹងកេត ឈ្នះនគរបាលជាតិ ៣-០ បានសរសើរថា សេងថៃ ជាកីឡាករល្អមួយរូប ដែលពោរពេញដោយកម្លាំង បច្ចេកទេស និងភាពវៃឆ្លាត។ 

ភារុណ ពន្យល់ ៖«កាលខ្ញុំនៅជាមួយគាត់ ខ្ញុំសរសើរជាងគេ កម្លាំងគាត់ គាត់លេងបានច្រើន ហើយភាពវ័យឆ្លាតលើទីលានរបស់គាត់ ដូចជាការមើលទុកមុនអីជាដើម»។

កីឡាករ ឃុន សេងថៃ ក៏ទទួលបានការសរសើរពីលោក មាស សំអឿន ដែលជាគ្រូបង្វឹករបស់ខ្លួនដែរ ចំពោះសម្ថភាព និងភាពវ័យឆ្លាតនេះ។ 

លោកគ្រូបង្គោលរូបនេះ បានលើកឡើងថា ៖«សមត្ថភាពខ្ញុំឃើញថាល្អ ប៉ុន្តែវាពាក់ព័ន្ធនឹងរឿងកម្លាំង ណាមួយសេងថៃឈប់ពីបាល់ទាត់ទៅរកស៊ីនៅខេត្ត១ឆ្នាំហើយ កម្លាំងគាត់អត់ទាន់គ្រប់គ្រាន់»។ 

ឱ ភារុណ និង ឃុន សេងថៃ ជាមិត្តភ័ក្តិមកពីខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែត ហើយបានលេងនៅបឹងកេតនៅឆ្នាំ ២០១៦ដូចគ្នា។ សេងថៃ បានឈប់វិញនៅឆ្នាំ ២០១៨ ដើម្បីរៀបការ និងបើករបររកស៊ីនៅឯស្រុកកំណើត ហើយរូបគេបានត្រឡប់មកវិញឆ្នាំ២០២០ លេងនៅក្លិបអគ្គិសនីកម្ពុជា ចំណែក ឱ ភារុណ កំពុងលេងនៅក្លឹបធំបឹងកេត៕

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania