កីឡដ្ឋាន SRU បាញ់ថ្នាំការពារវីរុស COVID 19
22 Mar 2020 14:20 1185

កីឡដ្ឋានសៀមរាបយូណាយធីតបានរៀបចំបាញ់ថ្នាំការពារវីរុស COVID 19 ជាលើកដំបូងពាសពេញទីតាំងរបស់ខ្លួនដែលមានទីលានប្រកួត, កន្លែងអង្គុយ, បន្ទប់វីអាយភី, បន្ទប់ផ្លាស់សម្លៀកបំពាក់ ជាដើមនោះ កាលថ្ងៃសៅរ៍ ទី២១ ខែមីនា។

លោក លី សេងហួរ ស្ថាបនិកកីឡដ្ឋាន SRU ប្រាប់ CNCC ថា សកម្មភាពនេះធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុស COVID 19 ដែលកំពុងផ្ទុះឡើងជាសកលតែម្ដង។ លោកបន្ថែមថា នឹងរៀបចំបាញ់ថ្នាំការពារមួយសប្ដាហ៍ម្ដង។

អ្នកជំនួញមានមូលដ្ឋាននៅខេត្តសៀមរាបលម្អិត “៖យើងធ្វើនេះគឺដើម្បីចូលរួមទប់ស្កាត់ និងការពារវីរុស COVID 19 ទើបយើងសម្រេចបាញ់ថ្នាំការពារ។ យើងគ្រោងបាញ់មួយសប្ដាហ៍ម្តង គឺយើងបាញ់ជុំវិញបរិវេណ និងកៅអីអង្គុយអ្នកគាំទ្រ និងក្នុងបន្ទប់នីមួយៗតែម្តង។ បរិមាណដែលបាញ់គឺ ស្របគ្រប់ទីកន្លែងដែលប្រឈមនិងផលប៉ះពាល់មនុស្សចេញចូលច្រើននឹងតែម្តង ជាពិសេសទីលានសិប្បនិម្មិត”។

ជាចុងក្រោយ លោក លី សេងហួរ ក៏បានផ្ដាំផ្ញើដល់សាធារណជនទូទៅថែរក្សាអនាម័យ និងសុខភាពឲ្យបានខ្ជាប់ខ្ជួនផងដែរ។

គួរបញ្ជាក់ថា កីឡដ្ឋាន SRU របស់ក្លិបបាល់ទាត់មិនមែនអាជីពសៀមរាបយូណាយធីតត្រូវបានក្លិបអង្គរថាយហ្គឺរ និងសូលទីឡូអង្គរទទួលសិទ្ធិប្រើប្រាស់ជាម្ចាស់ផ្ទះក្នុងការប្រកួត Metfone Cambodian League និងពានសម្ដេចតេជោ ហ៊ុន សែន រដូវកាល២០២០នេះ៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ SRU Stadium

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania