អ៊ុព កាម៉ុល ចង់ចូលនិវត្តន៍នៅទ័ព
24 Mar 2020 12:23 907

ខ្សែបម្រើសម្បូរបទពិសោធ អ៊ុព កាម៉ុល បង្ហើបថា មានបំណងចង់ព្យួរស្បែកជើងនៅសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទតែម្ដង នៅពេលមិនអាចបន្តអាជីពលើវាលស្មៅនេះបានទៀត។ គេថា អាជីពរបស់គេដុះដាលចេញពីស្តាតចាស់នេះផ្ទាល់ ទើបមិនចង់ផ្លាស់ទៅកាន់ទ្រនំថ្មីណាមួយ។

អតីតសមាជិក U22 កម្ពុជាពន្យល់ “៖ខ្ញុំគិតថា ខ្ញុំចង់លេងនៅទីនេះរហូតដល់ចូលនិវត្តន៍តែម្ដង ព្រោះខ្ញុំចាប់ផ្ដើមអាជីពនៅទីនេះ និងលេងនៅហ្នឹងរហូតមកជាង១០ឆ្នាំហើយ។ កាលមុន ថ្នាក់ដឹកនាំធ្លាប់ប្រាប់មកដែរថា មានក្លិបផ្សេងទាក់ទងដែរ តែខ្ញុំប្រាប់គាត់ថា ខ្ញុំអត់ទៅទេ ខ្ញុំចង់លេងនៅទ័ពរហូត”។

អ៊ុព កាម៉ុល បានរួមចំណែកលើកពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣លើកនៅសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺនៅឆ្នាំ២០១០, ២០១៦ និង២០១៨ ហើយក៏ធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ និង២២ឆ្នាំទៀតផង។

កូនប្រុសលោក អ៊ុព សំអាន អតីតកីឡាករបាល់ទាត់អំឡុងទសវត្សរ៍៨០ដដែលអះអាងថា គេតែងតែប្រឹងប្រែងហ្វឹកហាត់រក្សាកាយសម្បទា និងកម្លាំង ដើម្បីមានលទ្ធភាពរួមចំណែកជួយទ័ពកាន់តែយូរបន្ថែមទៀត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania