ហូយ ផល្លីន បង្ហើបដៃគូប្រយុទ្ធដ៏យល់ចិត្តបំផុត៣នាក់នៅព្រះខ័នរាជស្វាយរៀង
24 Mar 2020 15:49 991

Privat Mbarga, ប្រាក់ មុន្នីឧត្តម និង នុប តុលា ត្រូវបានកីឡាករ ហូយ ផល្លីន បង្ហើបថា ជាដៃគូប្រយុទ្ធដ៏យល់ចិត្តបំផុតនៅព្រះខ័នរាជស្វាយរៀង នាពេលបច្ចុប្បន្ន។

ផល្លីនសង្កត់ធ្ងន់ថា ទាំងតុលា និងឧត្តម មានការយល់ចិត្តគ្នាខ្លាំង ព្រោះបានរួមរស់ជាមួយគ្នានៅព្រះខ័នរាជស្វាយរៀងច្រើនឆ្នាំមកហើយ។ ចំណែក Privat វិញ ទោះបីទើបលេងជាមួយគ្នាបានជាងមួយឆ្នាំមែន តែសហការគ្នាយ៉ាងល្អ។

ខ្សែបម្រើប្រយុទ្ធរូបនេះពន្យល់ “៖ប៉ុន្មានឆ្នាំចុងក្រោយដែលយើងធ្វើបានល្អហ្នឹង និយាយពីមួយកំណាត់ខាងប្រយុទ្ធហ្នឹង អ្នកដែលខ្ញុំលេងយល់ចិត្តជាងគេ គឺ Privat, បងឧត្តម និងតុលា។ បងត្តម និងតុលា និយាយទៅ យើងនៅព្រះខ័នរាជស្វាយរៀងយូរឆ្នាំមកហើយ។ ចំណែក Privat វិញ ទោះយើងទើបលេងជាមួយគ្នាជាងមួយឆ្នាំមែន ប៉ុន្តែយើងបានព្យាយាមយល់គ្នាទៅវិញទៅមក ហើយការហ្វឹកហាត់ និងការលេងរ៉ូលខាងលើជាមួយគ្នាក៏ច្រើន”។ 

ទោះមិនទាន់រកគ្រាប់បាល់បានក្នុងចំណោម៥សប្ដាហ៍កន្លងទៅនៅក្របខណ្ឌ Metfone Cambodian League ហូយ ផល្លីន ក៏បានរួមចំណែកជួយក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង រក្សាលទ្ធផលមិនទាន់ចាញ់ផងដែរ។ ជាក់ស្ដែង ក្រុមលោក Conor Nestor ឈ្នះ៤លើក និងស្មើមួយ មាន១៣ពិន្ទុឈរនៅលេខពីរស្មើពិន្ទុជាមួយក្រុមក្រុមលេខមួយភ្នំពេញក្រោន។

ដោយឡែកនៅរដូវកាល២០១៩ ក្រៅពីបានមេដាយប្រាក់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ផល្លីន ក៏ជាប់ជាកីឡាករល្អប្រចាំឆ្នាំផងដែរ៕ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania