អាស៊ីអឺរ៉ុបបញ្ចេញផែនការហ្វឹកហាត់ថ្មីមួយសប្ដាហ៍ជុំគ្នា០៣ថ្ងៃ
25 Mar 2020 13:00 1031

លោក សុក វាសនា គ្រូបង្គោលក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតបង្ហើបឲ្យដឹងថា ផែនការហ្វឹកហាត់ថ្មីមួយត្រូវបានរៀបចំឡើងអំឡុងការផ្អាកក្របខណ្ឌ Metfone Cambodian League ដោយជួបជុំគ្នាត្រឹម០៣ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ 

សម្រាប់០៣លើកនោះ គឺហាត់ជុំគ្នាពីរដងនៅកីឡដ្ឋាន AEU Sports Park និងមួយលើកទៀតត្រូវរត់សាកកម្លាំងនៅបរិវេណពហុកីឡដ្ឋានជាតិ។ ក្រៅពីជុំគ្នាដោយផ្ទាល់ លោក សុក វាសនា ក៏បានរៀបចំកម្មវិធីស្វ័យហ្វឹកហាត់សម្រាប់កូនក្រុមទាំងអស់ដែរ។

គ្រូបង្វឹកកាន់ B-License ដដែលពន្យល់ “៖យើងនឹងព្យាយាមរៀបចំការហ្វឹកហាត់ខ្លះឲ្យពួកគាត់ជុំគ្នា អាចមួយសប្ដាហ៍ពីរពេលនៅ AEU Sports Park និងមួយពេលហាត់ផ្ទាល់ខ្លួន ហើយមួយពេលទៀតនៅស្តាតអូឡាំពិក។ យើងកាត់បន្ថយការជុំគ្នា និងបន្ថយការទៅ Gym អ៊ីចឹងទៅ។ សម្រាប់ការហាត់ជុំគ្នាថ្មីនេះ គឺយើងឲ្យពួកគាត់នៅឆ្ងាយពីគ្នា យើងមិនឲ្យកៀកគ្នាទេ។ យើងក៏ពន្យល់ពួកគាត់ឲ្យយល់ដឹង និងចេះរក្សាការពារខ្លួនពីជំងឺ COVID 19 នេះដែរ”។ 

អាស៊ីអឺរ៉ុបយូណាយធីតបានផ្អាកជុំកីឡាករតាំងពីប្រកួតចុងក្រោយ Metfone Cambodian League សប្ដាហ៍ទី០៥ម្ល៉េះ ដោយឲ្យកីឡាករហាត់ខ្លួនឯងនៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែកាលថ្ងៃអង្គារ ទី២៤ មីនា លោក សុក វាសនា បានកោះហៅកូនក្រុមរត់តេស្ដនៅពហុកីឡដ្ឋានជាតិដើម្បីពិនិត្យថាតើពួកគេរក្សាកម្លាំងបានកម្រិតណា។

គួរដឹងដែរថា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានប្រកាសផ្អាកប្រកួតក្របខណ្ឌកំពូលកម្ពុជា រដូវកាល២០២០ ត្រឹមសប្ដាហ៍ទី០៦ ជាបណ្ដោះអាសន្នដោយសារបញ្ហាជំងឺ COVID 19 ហើយក្លិបនីមួយៗបានរៀបចំវិធានការហ្វឹកហាត់ផ្សេងៗគ្នា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania