សៀន សុភក្ត្រា “៖កម្លាំង និងសមត្ថភាពខ្ញុំមិនទាន់ដូចដើមទេក្រោយជាពីរបួស”
25 Mar 2020 18:32 375

ខ្សែបម្រើ សៀន សុភក្ត្រា ទទួលស្គាល់សមត្ថភាព និងកម្លាំងរបស់ខ្លួនមិនទាន់ដល់កម្រិតដើមវិញទេ ក្រោយសម្រាកព្យាបាលរបួសក្រលៀនដែលធ្វើឲ្យខកខានការប្រកួតយ៉ាងច្រើននៅរដូវកាល២០១៩កន្លងទៅសម្រាប់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា។

យ៉ាងណា អតីតសមាជិកយុវជនបាទីសង្កត់ធ្ងន់ថា បានប្រឹងប្រែងហ្វឹកហាត់ទាំងកាយសម្បទា និងកម្លាំងឲ្យឆាប់វិលប្រក្រតីវិញ១០០ភាគរយ ហើយនៅដើមរដូវកាល២០២០នេះ គេក៏បង្ហាញខ្លួនបាន៣លើកដែរក្នុងក្រុមលោក មាស សំអឿន។

សុភក្ត្រា ពន្យល់ “៖សម្រាប់កីឡាករភាគច្រើនដែលមានរបួសគឺមិនដូចដើមដូចគេហាត់រាល់ថ្ងៃទេ ព្រោះសមត្ថភាព និងកម្លាំងធ្លាក់ចុះមួយកម្រិត។ ដល់ពេលជាក៏មិនទាន់១០០ភាគរយដែរ ទាល់តែបានហាត់ជាមួយគេវិញទៅ ក៏វាអាចវិវឌ្ឍដូចដើមសន្សឹមៗដែរ”។

ក្រៅពីហ្វឹកហាត់ជាមួយសមាជិកក្រុមឯទៀត កីឡាករមានប្រភពពីខេត្តព្រះសីហនុក៏បានឆ្លៀតហាត់ខ្លួនឯងជាប្រចាំដែរទើបអាចបំពេញចន្លោះខ្វះខាតបានល្អ។

គួររំឭកថា សៀន សុភក្ត្រា ធ្លាប់ជាសមាជិកស្នូលមួយរូបនៅយុវជនបាទី និងបានរួមចំណែកជួយជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ AFF U16 Championship 2016 នៅភ្នំពេញផងដែរ។ នៅដំណាច់រដូវកាល២០១៨ គេ និងមិត្តរួមក្រុមមួយចំនួនទៀតបានចូលរួមជាមួយអគ្គិសនីកម្ពុជា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania