សុខ សុវណ្ណ “៖នេះជាលើកទីមួយដែលខ្ញុំត្រូវសម្រាកយូរដោយសាររបួសបែបនេះ”
26 Mar 2020 12:57 863

បន្ទាប់ពីទទួលការវះកាត់ជង្គង់ដោយជោគជ័យកាលថ្ងៃពុធ ទី២៥ ខែមីនា ខ្សែការពារ សុខ សុវណ្ណ សារភាពថា ជាលើកទីមួយហើយក្នុងអាជីពបាល់ទាត់របស់គេដែលត្រូវសម្រាកព្យាបាលរបួសរហូតដល់ច្រើនខែ។ ដូច្នេះគេពិតជាព្រួយបារម្ភខ្លាំងចំពោះការស្រកស្រុតសមត្ថភាព។

សមាជិកភ្នំពេញក្រោនរៀបរាប់បែបនេះ “៖កាលពីមុនមកអត់ដែលមានបញ្ហារបួសខ្លាំងបែបនេះទេ។ ជាលើកទីមួយហើយសម្រាប់ខ្ញុំ។ ខ្ញុំព្រួយបារម្ភដែរហ្នឹង ព្រោះអត់បានហាត់ពេញលេញដូចគេ អ៊ីចឹងវាអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពដែរ ដោយសារយើងត្រូវការចំណាយពេលយូរដើម្បីឲ្យដូចដើមវិញ”។ 

គួរបញ្ជាក់ថា សុខ សុវណ្ណ នឹងអវត្តមានពីការប្រកួតសម្រាប់ភ្នំពេញក្រោនពីចន្លោះ៦ទៅ៨ខែ ក្រោយវះកាត់របួសជង្គង់ដែលកើតឡើងប្រមាណពីរខែមកហើយនោះ និងបានខកខានបង្ហាញខ្លួននៅ Metfone Cambodian League ក្នុងចំណោម៥ប្រកួតដើមរដូវកាល២០២០។

ក្នុងចន្លោះពេល៦ទៅ៨ខែនេះ អតីតខ្សែការពារបឹងកេតបង្ហើបថា អាចហ្វឹកហាត់ខ្លួនឯងដើម្បីរក្សាកាយសម្បទាបានខ្លះៗប៉ុណ្ណោះ មិនទាន់អាចចូលរួមជាមួយមិត្តរួមក្រុមនៅកីឡដ្ឋាន Smart RSN នៅឡើយទេ។

គួររំឭកថា សុខ សុវណ្ណ ដែលជាអតីតសមាជិកជម្រើសជាតិកម្ពុជាមួយរូបផងនោះបានចូលរួមជាមួយភ្នំពេញក្រោនលើកិច្ចសន្យាផ្លូវការហើយនៅរដូវកាល២០២០ បន្ទាប់ពីលេងលក្ខណៈខ្ចីពីវិសាខានៅជុំទីពីរ រដូវកាល២០១៩ កន្លងទៅ៕ 

អត្ថបទ៖​ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania