មុត សត្យា “៖មានឱកាសចូលលេងច្រើន ធ្វើឲ្យកើនសមត្ថភាពជាងមុន”
26 Mar 2020 15:02 1021

ខ្សែការពារ មុត សត្យា បានចាត់ទុកឱកាសបង្ហាញខ្លួនញឹកញាប់សម្រាប់អង្គរថាយហ្គឺរ ជាចលករសម្រួចសមត្ថភាពរបស់គេឲ្យកាន់តែប្រសើរជាងកាលនៅសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទដែលចំណាយពេលភាគច្រើននៅកៅអីបម្រុង។ 

កីឡាករមានប្រភពពីខេត្តកែបពន្យល់ “៖សម្រាប់ខ្ញុំគឺជាបទពិសោធថ្មីមួយ។ ពេលនៅ ARMY ខ្ញុំមិនសូវបានលេង ហើយពេលមកថាយហ្គឺរគ្រូផ្ដល់ឱកាសឲ្យបានលេងជម្រើស១១នាក់ដំបូង ហើយប៉ុន្មានប្រកួតកន្លងមកនេះខ្ញុំទទួលបានបទពិសោធគួរសមដែលបានលេងជាមួយនឹងក្រុមធំៗ ជាពិសេសលេងទល់ក្លិបចាស់ ARMY តែម្ដង ធ្វើឲ្យខ្ញុំដឹងថានៅមានចំណុចខ្វះខាតច្រើនដែលខ្ញុំត្រូវស្វែងយល់បន្ថែមទៀត។ ខ្ញុំយល់ថាបើបានបង្ហាញខ្លួនក្នុងការប្រកួតបានច្រើនគឺកើនសមត្ថភាព និងទំនុកចិត្តតាមហ្នឹងដែរបង”។

គួរដឹងដែរថា ក្រោយចូលរួមក្រុមធំសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានរយៈពេលពីរឆ្នាំ មុត សត្យា ត្រូវបានអនុញ្ញាតឲ្យអង្គរថាយហ្គឺរខ្ចីលើកិច្ចសន្យាពីរដូវកាល ហើយគិតមកទល់ពេលនេះ គេបង្ហាញខ្លួនបាន៥លើកជាប់ៗគ្នានៅ Metfone Cambodian League ២០២០។

ពាក់ព័ន្ធទៅនឹងសំណួរថាតើមានបំណងវិលទៅក្រុមមានមូលដ្ឋាននៅស្តាតចាស់វិញឬយ៉ាងណា ខ្សែការពារឆ្វេងខាងលើសង្កត់ធ្ងន់ថា គេចង់ផ្ដោតលើការបង្កើនសមត្ថភាព និងជួយអង្គរថាយហ្គឺរជាមុនសិន៕

អត្ថបទៈ​ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania