គឹម មករា៖ អរគុណដែលក្លិប ផ្ដល់ឱកាសធ្វើគ្រូចាំទី
26 Mar 2020 17:14 1551

ក្រោយវះជើងរួច ប៉ុន្តែមិនអាចជាដូចដើម គួបផ្សំវ័យកាន់ជ្រេផងនោះ គឹម មករា ត្រូវបានក្លឹបបឹងកេត សម្រេចឱ្យធ្វើជាគ្រូចាំទី U18 វិញ។ 

ចំពោះតួនាទីថ្មីនៅកីឡដ្ឋាន Cambodia AirWayនេះ មករា បានឱ្យ CNCC ដឹងថា ពិតជាខុសប្លែកគ្នានិងលំបាកជាង បើធៀបទៅនឹងកាលរូបគេ ចាំទីនៅលើទីលាន។ 

លោកគ្រូ គឹម មករា ពន្យល់ថា ៖«ពីមុនយើងជាកីឡាករ យើងខំតែហាត់ប្រមូលកម្លាំងសម្រាប់តែលេង មិនសូវគិតច្រើនប៉ុន្មានទេ ប៉ុន្តែសម្រាប់គ្រូ យើងត្រូវរកវិធីសាស្ត្រណា ដើម្បីឱ្យសិស្សឆាប់យល់ ឆាប់ចាប់បាន»។ 

នៅពេលសួរថា តើមានការអាក់អន់ចិត្តទេ ក្រោយក្លាយមកជាគ្រូបង្វឹក? ជុំវិញសំណួរនេះ លោកគ្រូ គឹម មករា មិនអន់ចិត្តស្អិតទ្រូវអ្វីឡើយ ផ្ទុយទៅវិញមានតែត្រកអរ ដែលក្លិបបានផ្ដល់ឱកាសនូវតួនាទីថ្មី  និងរីករាយក្នុងការផ្ដល់ឱកាសឱ្យអ្នកចាំទីជំនាន់ក្រោយ បង្ហាញសមត្ថភាពលើទីលាន។ 

គឹម មករា បានចូលលេងនៅក្លឹបបឹងកេតនៅចុងឆ្នាំ ២០១៤ និងបានបញ្ចប់អាជីពជាអ្នកចាំទីនៅឆ្នាំ ២០២០  ជាមួយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី។ បច្ចុប្បន្នជាគ្រូចាំទីយវជនក្លឹបបឹងកេត U18។ 

គួរបញ្ជាក់ថា អតីតអ្នកចាំទី គឹម មករា បានជួយឱ្យបឹងកេតលើកពានលីគកំពូលកម្ពុជា ២លើក គឺឆ្នាំ ២០១២ និង២០១៦ និងលើកពានរង្វាន់សម្ដេច ហ៊ុន សែន ក្នុងឆ្នាំ២០១៩៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania