សំអឿន ពិដោរ ស្ដាយទើបស្បើយពីរបួស១០០ភាគរយឆ្នាំនេះ តែការប្រកួតត្រូវផ្អាកវិញ

04 Apr 2020 18:02

1280

Share :


ខ្សែការពារ សំអឿន ពិដោរ បានចូលលេងសាជាថ្មីក្នុងការប្រកួតនានារបស់ព្រះខ័នរាជស្វាយរៀងនៅចុងរដូវកាល២០១៩ ក្រោយតស៊ូព្យាបាលរបួសជង្គង់ដែលអូសបន្លាយប្រមាណជិតពីរឆ្នាំដែលធ្វើឲ្យខកខានជាប់ជម្រើសជាតិទៀតផង។ 

នៅឆ្នាំ២០២០នេះទាំងកាយសម្បាទា និងកម្លាំងរបស់អតីតយុវសិស្សវិទ្យាល័យយុគន្ធរដដែលបានវិលមកកាន់ភាពប្រក្រតី១០០ភាគរយទៅហើយ ប៉ុន្តែការប្រកួតក្របខណ្ឌ Metfone Cambodian League ត្រូវផ្អាកជាបណ្ដោះអាសន្នវិញ។ 

ពិដោររៀបរាប់បែបនេះ “៖២០២០នេះកាយសម្បទារបស់ខ្ញុំត្រលប់មកដូចដើមវិញហើយ អត់ធ្វើទុក្ខអីទេ រឹងមាំជាងចុងឆ្នាំ២០១៩។  តែខ្ញុំស្ដាយខ្លាំងដែរដែលការប្រកួតឆ្នាំនេះត្រូវផ្អាកទៅវិញ។ ខ្ញុំមិនសូវសប្បាយចិត្តប៉ុន្មានទេ។ យ៉ាងណាក៏ដោយ ខ្ញុំក៏បានយកពេលនេះហ្វឹកហាត់ខ្លួនឯងខ្លាំងដែរដើម្បីធ្វើឲ្យរាងកាយរបស់ខ្ញុំកាន់តែល្អថែមទៀត”។ 

កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាច្រើនលើកដដែលពន្យល់ន្ថែមថា ក្រៅពីទទួលយកលំហាត់ពីក្រុមការងារគ្រូបង្វឹកដែលបានដាក់សម្រាប់អនុវត្តនៅតាមផ្ទះនោះ គេក៏ឆ្លៀតហាត់ផ្ទាល់ខ្លួននៅពហុកីឡដ្ឋានជាតិមួយថ្ងៃពីរពេលដើម្បីរក្សាកម្លាំងកុំឲ្យស្រកស្រុតផងដែរ។

គួរដឹងដែរថា មុនមានបញ្ហាជង្គង់ចុងឆ្នាំ២០១៧ សំអឿន ពិដោរ ក៏រងរបួសប្រេះឆ្អឹងស្មងជើងអំឡុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនៅដើមឆ្នាំដដែលនោះ។

នៅដើមរដូវកាល២០២០ កីឡាករមានប្រភពនៅរាជធានីភ្នំពេញចូលលេងជម្រើសដំបូងពីរលើក និងប្ដូរចូល៣ដងក្នុងចំណោម៥ប្រកួតនៅ MCL៕

អត្ថបទៈ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania