ចាន់ សុភា ថាដោយសារ Western ទើបគេបានលេងឱ្យឈុតធំណាហ្គាដូចសព្វថ្ងៃ

23 Apr 2020 09:59

1709

Share :


រដូលឆ្នាំ២០១៧/១៨ កីឡាករវ័យក្មេង ចាស់ សុភា បានបង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់ឱ្យ Western Phnom Penh ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League ដែលជាហេតុធ្វើឱ្យសមត្ថភាពរបស់គេមានការវិវឌ្ឍលឿន រហូតធ្វើតេស្តជាប់លេងឱ្យឈុតធំណាហ្គាវើលដ៍រហូតដល់បច្ចុប្បន្ន។ ចំពោះផ្លែផ្កានេះសុភាថា មិនភ្លេចគុណក្លិបមួយនេះឡើយ ជាពិសេសគ្រូបង្គោលម៉ាឡេស៊ី Abdul Razak និងក្រុមការងារទាំងអស់។ 

អតីតកីឡាករអង្គការផ្កាយសមុទ្រពន្យល់ថា៖ "កាលនៅ Western សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ ទោះបី Western ប៉ះក្លិបមានកីឡាករបរទេសខ្លាំងខ្សោយម៉េចក៏ដោយ ខ្ញុំធម្មតា ខ្ញុំអត់មានភាពភ័យខ្លាចអីទេ ខ្ញុំមានទំនុកចិត្តលើខ្លួនឯងខ្លាំង"។ 

អតីតយុវជន U17 ក្លិបបឹងកេតបានឱ្យដឹងទៀតថា បើកីឡាករមានបទពិសោធន៍ច្រើនលើទីលាន ពួគគេនឹងមានការអភិវឌ្ឍន៍កាន់តែលឿន និងភាពទំនុកចិត្តខ្ពស់។ 

ចាន់ សុភា បានជាប់ជម្រើស១១នាក់ដំបូងឱ្យ Western រហូត ចាប់តាំងពីរូបគេត្រូវបានគ្រូប្ដូរចូល ក្នុងការប្រកួតដំបូង នៃពានរង្វាន់ Metfone Cambodian League រដូវកាល២០១៧/១៨។ ប៉ុន្តែក្រោយក្លិបប្រកាស ផ្អាកសកម្មភាព ក្រោយចប់រដូវកាលមក រូបគេក៏បាន ធ្វើតេស្តជាប់លេងឱ្យឈុតធំណាហ្គានៅឆ្នាំ២០១៩ រហូតដល់សព្វថ្ងៃ។ 

នៅណាហ្គាវើលដ៍ ចាន់ សុភា លេងតំណែងខ្សែបម្រើការពារ ហើយបានបង្ហាញខ្លួន៥ប្រកួត ពោលគឺពានរង្វាន់សម្ដេច ហ៊ុន សែន ២លើក និងលីគ ៣លើក ខណៈ៥សប្ដាហ៍រដូវកាលឆ្នាំ២០១៩/២០នេះ គេនៅមិនទាន់បានបង្ហាញខ្លួននៅឡើយទេ។ យ៉ាងណាសុភាមិនអស់សង្ឃឹមឡើយ ហើយថែមទាំងលើកឡើងថានឹងខិតខំប្រឹងប្រែង ដើម្បីសម្រួចសមត្ថភាព ប្រជែងយកជម្រើស១១នាក់ដំបូង បើទោះណាហ្គាវើលដ៍មានកីឡាករខ្មែរ-បរទេសល្អៗ ពោរពេញដោយបទពិសោធន៍លើទីលានជោគជាំយ៉ាងណាក្ដី៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania