កែវ ឧត្តម ប្ដេជ្ញាចិត្តសម្រេចបំណងប្រាថ្នាមួយរបស់ឪពុក

08 May 2020 17:24

1841

Share :


ការឃើញកីឡាករ កែវ ឧត្តម ដែលជាកូនប្រុសឈានជើងចូលក្រុមធំជម្រើសជាតិកម្ពុជា គឺជាបំណងប្រាថ្នារបស់លោក កែវ សារិន អតីតគ្រូបង្គោលក្លិបស៊ីម៉ាក់យូណាយធីត តាំងពីនៅ រស់រានមានជីវិតម្ល៉េះ។ នេះបើតាមការបង្ហើបឲ្យដឹងពីសាមីកីឡាករ កែវ ឧត្តម។

ខ្សែប្រយុទ្ធក្លិបណាហ្គាវើលដ៍បញ្ជាក់ថា បានបំពេញបំណងទីមួយរបស់ឪពុកខ្លួនរួចហើយ គឺជាប់ជម្រើសជាតិ U19 កាលពីឆ្នាំ២០១៩ ពោលមួយឆ្នាំមុនលោកចែកឋាន។ ដូច្នេះគេនឹងព្យាយាមប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីឆ្ពោះទៅកាន់ក្ដីស្រមៃក្រុមធំបន្តទៀត។

កីឡាករវ័យ១៨ឆ្នាំពន្យល់ “៖ពេលគាត់នៅរស់ គាត់ចង់ឃើញខ្ញុំលេងនៅ U19 ហើយគាត់ក៏បានឃើញហើយដែរ។ គាត់ក៏ចង់ឃើញខ្ញុំជាប់ក្រុមធំថែមទៀត តែខ្ញុំមិនទាន់បានជាប់។ ដូច្នេះខ្ញុំត្រូវតែប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងនៅណាហ្គាវើលដ៍ ដើម្បីមានឱកាសជាប់ក្រុមធំ និងបំពេញបំណងឪពុករបស់ខ្ញុំ។ តាមពិតគាត់ក៏ថាដែរ បានឃើញខ្ញុំជាប់ជម្រើសជាតិ U19 និងទាត់បញ្ចូលទីអ៊ីចឹង គាត់ស្លាប់ទៅបិទភ្នែកជិតហើយ តែខ្ញុំនឹងប្រឹងប្រែងដើម្បីជាប់ក្រុមធំមួយទៀត។”

កែវ ឧត្តម បន្តថា កាលនៅមានជីវិត លោក កែវ សារិន ក៏ធ្លាប់បង្ហើបពីកង្វល់ជុំវិញកង្វះខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិកម្ពុជា ដូច្នេះលោកសង្ឃឹមថា កូនប្រុសទោលប្រចាំគ្រួសារខាងលើអាចវិវឌ្ឍខ្លួនបានល្អក្នុងតួនាទីជាអ្នករកគ្រាប់បាល់នេះ។

គួរបញ្ជាក់ថា លោក កែវ សារិន ដែលធ្លាប់ធ្វើជាគ្រូជំនួយ និងគ្រូបង្គោលស៊ីម៉ាក់យូណាយធីតពីចន្លោះឆ្នាំ២០០៧ដល់២០១៨ បានទទួលមរណភាព កាលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ដោយរោគាពាធ៕

អត្ថបទ៖​ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania