ស្លេះ សេន រំឭករឿងរ៉ាវមួយស្ទើរតែឈានទៅបោះបង់បាល់ទាត់
18 May 2020 08:45 1003

ការឃ្លាតឆ្ងាយពីគ្រួសារ, នឹកផ្ទះ និងតានតឹងក្នុងចិត្ត គឺជាផលវិបាកដែលខ្សែការពារ ស្លេះ សេន ជួបប្រទះ ពេលផ្លាស់មកភ្នំពេញថ្មីកាលដើមឆ្នាំ២០១៥ ដើម្បីផ្ដើមទំព័រអាជីពបាល់ទាត់ និងស្ទើរតែសម្រេចចិត្តត្រលប់ទៅស្រុកកំណើតវិញទៅហើយ។

កីឡាករមានប្រភពពីខេត្តកំពង់ឆ្នាំងត្រូវបានលោក ស៊ុំ វណ្ណា ដែលកាលណោះជាគ្រូជំនួយក្លិបបៀលប្រាយយូណាយធីត ជ្រើសរើសមកធ្វើតេស្ដនៅភ្នំពេញ ក្រោយបង្ហាញសមត្ថភាពល្អក្នុងការប្រកួតក្របខណ្ឌ “ក១” លើទឹកដីកំណើត។ បន្ទាប់ពីជាប់ជាស្ថាពរ គេត្រូវផ្លាស់ទៅរស់នៅឆ្ងាយពីគ្រួសារ ហើយក៏ជួបការលំបាកយ៉ាងច្រើនជាពិសេសផ្លូវអារម្មណ៍ តែត្រូវបានឪពុកម្ដាយលើកទឹកចិត្តរហូតអាចសាងកេរ្ដិ៍ឈ្មោះដល់បច្ចុប្បន្ន។

សមាជិកក្លិបបឹងកេតរំឭកបែបនេះ “៖កាលហ្នុងយើងអត់ទាន់សុំាជាមួយបាល់ទាត់។ មួយខែពីរខែដំបូង ខ្ញុំរកតែទៅផ្ទះហ្នឹង តែក្រោយមកគាត់ថា យើងមកដល់ហ្នឹងហើយ ខ្លះគេចង់ចូល គេមិនបានចូលផង អ៊ីចឹងចង់ទៅផ្ទះវិញធ្វើអី ហើយក្រោយមកខ្ញុំក៏ប្ដេជ្ញាចិត្តប្រឹងហាត់ដល់សព្វថ្ងៃ។ ណាមួយកាលហ្នុង ខ្ញុំក៏ត្រូវរៀនថ្នាក់ទី១២ ឆ្នាំប្រលង ហើយម្យ៉ាងការហាត់ក៏លាយឡំគ្នា មានសប្បាយ មានស្ត្រេស ធុញអ៊ីចឹងទៅណា គិតថាចង់ទៅរៀនវិញ។ ប៉ុន្តែឪពុកម្ដាយខ្ញុំក៏ព្យាយាមលើកទឹកចិត្តខ្ញុំរហូតខ្ញុំអាចសម្របខ្លួនបាន។”

ក្រោយរួមរស់ជាមួយបៀលប្រាយយូណាយធីតបានមួយរដូវកាល ស្លេះ សេន ក៏ផ្លាស់ទៅស៊ីម៉ាក់យូណាយធីត នៅឆ្នាំ២០១៦ និងបានជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំទៅប្រកួត AFF U19 Championship នៅប្រទេសវៀតណាមថែមទៀត។ 

ក្រោយបង្ហាញសមត្ថភាពគួរកត់សម្គាល់ ខ្សែការពារធ្លាប់ជាប់ជម្រើសជាតិ U21 ឆ្នាំ២០១៨ ក៏ត្រូវបានបឹងកេតផ្ទេរយកនៅរដូវកាល២០១៧ រហូតដល់សព្វថ្ងៃ។ 

អត្ថបទ៖​ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania