Romario Alves និយាយពីការលេងនៅសមាគមកីឡាបាល់ទាត់ ខ.ភ.ម និងការយល់ឃើញចំពោះ MCL
20 May 2020 07:56 923

ទោះទើបឈានជើងមកប្រលូកបាល់ទាត់កម្ពុជាលើកដំបូង ខ្សែបម្រើប្រេស៊ីល Romario Alves យល់ឃើញថា រូបគេ និងមិត្តរួមក្រុមឯទៀតប្រចាំសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ មានការសហការគ្នាល្អ។ 

ការសហការគ្នាល្អ និងសម្របខ្លួនរលូននៅបរិយាកាសថ្មីនេះត្រូវបានកីឡាករវ័យ២៥ឆ្នាំបញ្ជាក់ថា ដោយសារបានចាប់ផ្ដើមអាជីពតាំងពីអាយុ១៦ឆ្នាំ ជាហេតុធ្វើឲ្យគេអាចរៀនសូត្រនូវបទពិសោធថ្មីៗយ៉ាងលឿន។ មិនតែប៉ុណ្ណោះ សមត្ថភាពល្អៗរបស់កីឡាករនៅ Tiffy Army ក៏ជាដើមចមមួយផងដែរ។

Romario ពន្យល់ “៖នៅប្រេស៊ីល យើងឆាប់ចូលហាត់បាល់។ និយាយទៅ ខ្ញុំក្លាយជាកីឡាករអាជីពតាំងពីអាយុ១៦ឆ្នាំ ដូច្នេះខ្ញុំអាចរៀនសូត្រពីអ្វីៗបានឆាប់រហ័ស ទាំងការគ្រប់គ្រងលើទីលាន ការយល់គ្នាជាមួយមិត្តរួមក្រុម។ ទោះបីយើងមិននិយាយភាសាតែមួយ តែបាល់ទាត់គេលេងដោយជើង និងប្រើក្បាល។ប្រសិនបើយើងឆ្លាត យើងអាចលេងបានល្អ។ សម្រាប់មិត្តរួមក្រុមខ្ញុំវិញ ពួកគេសុទ្ធតែលេងបានល្អ ហើយក៏ជាមនុស្សល្អធ្វើឲ្យខ្ញុំឆាប់សម្របខ្លួនបាន។ ពួកគេយកចិត្តទុកដាក់លើខ្ញុំ ហើយក៏ផ្ដល់ទុកចិត្តដល់ខ្ញុំខ្លាំងដែរ។ ពិបាកពន្យល់ដែរ ព្រោះខ្ញុំទើបមកកម្ពុជា ប៉ុន្តែខ្ញុំបានកត់សម្គាល់ថា ខ្ញុំបានសម្របខ្លួនល្អណាស់ ហើយមិត្តរួមក្រុមក៏គាំទ្រខ្ញុំ និយាយទៅយើងមានសាមគ្គីភាព។”

Romario រំពឹងដែរថា នឹងអាចជួយក្រុមកាន់តែរីកចម្រើន ហើយសង្ឃឹមថា អាចបន្តលេងនៅកម្ពុជាច្រើនឆ្នាំតទៅមុខទៀតដើម្បីរួមចំណែកអភិវឌ្ឍក្របខណ្ឌ Metfone Cambodian League កាន់តែខ្លាំងក្លា។

ខ្សែបម្រើសកម្មភាពបញ្ជាក់បន្ថែម “៖ខ្ញុំមកទីនេះដើម្បីធ្វើឲ្យបានល្អ និងជួយក្រុមឈានទៅមុខ។ បើនិយាយពីបាល់ទាត់កម្ពុជាវិញ ឃើញថា មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំជឿថា នៅប៉ុន្មានឆ្នាំខាងមុខ MCL នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង។ ខ្ញុំរំពឹងថា ខ្ញុំអាចលេងនៅទីនេះច្រើនឆ្នាំថែមទៀត ព្រោះខ្ញុំទើបតែអាយុ២៥ឆ្នាំប៉ុណ្ណោះ។”

មុនមកដល់កម្ពុជាឆ្នាំ២០២០នេះ Romario Alves លេងឲ្យក្លិបជាច្រើននៅប្រេស៊ីល។ ចំណែកនៅ Tiffy Army គេបានរួមចំណែកយ៉ាងច្រើនក្នុងក្រុម ជាពិសេសពេលឈ្នះវិសាខា មុនផ្អាកដំណើរការ Metfone Cambodian League កាលពាក់កណ្ដាលខែមីនា កន្លងទៅ ដោយសារ COVID 19៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania