លី មីហ្សាន៖ ក្រៅពីគ្រប់គ្រងបាល់បានល្អ ត្រូវចេះចែកបាល់សម្លាប់
21 May 2020 07:46 982

កីឡាករក្លិបបឹងកេត លី មីហ្សាន បានចែករំលែកបទពិសោធន៍ ក្នុងនាមជាខ្សែបម្រើកណ្ដាលថា ក្រៅពីមានកម្លាំង ចេះគ្រប់គ្រង និងចែកបាល់ល្អហើយនោះ កីឡាករត្រូវប៉ិនប្រសប់ និងមានភាពឆ្លាតវ័យក្នុងការចែកបាល់សម្លាប់។ ការចែកបាល់សម្លាប់  គឺចង់សំដៅលើការបញ្ចូនបាល់យ៉ាងណាឱ្យខ្សែប្រយុទ្ធងាយស្រួលបញ្ចប់ទី។ 

លី មីហ្សាន ពន្យល់ ៖"និយាយចំទៅ គោលការណ៍ខ្សែបម្រើកណ្ដាលហ្នឹង សំខាន់បំផុតគឺបញ្ជូនបាល់ឱ្យខ្សែប្រយុទ្ធសម្រាប់បញ្ចប់ទី។ និយាយឱ្យខ្លីគេថា ចែកបាល់សម្លាប់ ស្រូបាល់ប្រឡោះកណ្ដាល ឱ្យខ្សែប្រយុទ្ធស្រួលបញ្ចប់ទី"។    

ចំពោះតំណែងនេះ មីហ្សាន ទទួលស្គាល់ថាពិបាកខ្លះដែរ ព្រោះពេលខ្លះត្រូវជួយប្រយុទ្ធ និងពេលខ្លះចុះមកជួយការពារជាដើម ហើយត្រូវការចាយកម្លាំងច្រើន។ យ៉ាងណាចំពោះក្រុមបាល់ទាត់នៅកម្ពុជា កីឡាករមកពីកំពង់ចាមលើកឡើងថា រូបគេមិនសូវជាពិបាកចែកបាល់ប៉ុន្មានទេ ប៉ុន្តែពិបាក ពេលលេងជាមួយក្រុមមកពី League ក្រៅប្រទេស ព្រោះគេមានបទពិសោធន៍ច្រើនជាង។ 

កីឡាករវ័យ២៦ឆ្នាំ លី មីហ្សាន ត្រូវបឹងកេតចាត់ទុកជាខ្សែបម្រើល្អមួយរូប ដែលបានជួយក្រុមលើកពាន Metfone Cambodian League ៣រដូវកាល ពោលគឺឆ្នាំ២០១២, ២០១៦, ២០១៧ និងលើកពានសម្ដេចហ៊ុនសែនក្នុងឆ្នាំ២០១៩។  ក្នុងរដូវកាល២០១៩-២០២០ នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា មីហ្សាន  លេងបាន៤ប្រកួត និងអវត្តមានបឹងកេតប៉ះណាហ្គាវើលដ៍ ដោយសារមានបញ្ហារបួស មុនលីគត្រូវបានផ្អាកជាបណ្ដោះអាសន្ន ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania