មិនសូវជាប់១១នាក់ដំបូងនៅណាហ្គា តែសាន ឧសភា ថា មិនសូវសម្ពាធទេ

25 May 2020 09:59

1303

Share :


ទោះមិនសូវបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងនៅណហា្គវើលដ៍ ដោយសារត្រូវប្រជែងអ្នកចាំទីជារៀមច្បងសម្បូរបទពិសោធដល់ទៅពីររូប គឺសំរិទ្ធ សីហា និង ស៊ូ យ៉ាទី ក៏ សាន ឧសភា គិតថាមិនសូវផ្ដល់សម្ពាធដល់គេឡើយ តែសប្បាយចិត្តដែលបានរួមការងារជាមួយកីឡាករជើងចាស់ទ្វេ។ 

កីឡាករមានកំណើតកើតជានៅខេត្តបាត់ដំបងតែផ្លាស់ទៅរស់នៅខេត្តស្ទឹងត្រែងតាំងពីក្មេងបង្ហើបថា រៀនសូត្របានច្រើនពីសិស្សច្បងរបស់ខ្លួន ព្រោះបានទទួលការណែនាំចែករំលែកបទពិសោធជាហូរហែ ហើយក៏រីករាយចំពោះការលេងនៅក្រុមជើងឯក Metfone Cambodian League បីសម័យ។

អតីតសមាជិកភ្នំពេញក្រោនពន្យល់ “៖មិនសូវជាសម្ពាធទេបង។ ម្យ៉ាងហាត់ជាមួយពួកគាត់ ក៏បានជួយណែនាំជ្រោមជ្រែងយើងច្រើន។ ទោះមិនសូវបានលេង តែសប្បាយចិត្តនឹងការហ្វឹកហាត់ និងទំនាក់ទំនងក្នុងក្រុម មានក្ដីសុខ។ និយាយរួមទៅស្រលាញ់គ្នាទៅវិញទៅមក ចេះឲ្យតម្លៃគ្នា និងណែនាំគ្នាពេលខុសអី។”

ទាក់ទងទៅនឹងឱកាសស្នងរៀមច្បងនាពេលខាងមុខ សាន ឧសភា សង្កត់ធ្ងន់ថា ជាការសម្រេចចិត្តពីសំណាក់ក្រុមការងារគ្រូថាតើមើលឃើញពីសមត្ថភាព និងការប្រឹងប្រែងរបស់គេបានប៉ុនណា ខណៈបច្ចុប្បន្នតំណែង១១នាក់នៅណាហ្គាវើលដ៍ជាទូទៅរ៉ាប់រងដោយស៊ូ យ៉ាទី ខណៈសំរិទ្ធ សីហា ជាគ្រូផង និងចាប់ផង។

សាន ឧសភា ដែលជាអតីតសមាជិកស៊ីម៉ាក់យូណាយធីត និងវេស្ទើនភ្នំពេញផងនោះ បានចូលរួមជាមួយណាហ្គាវើលដ៍នៅរដូវកាល២០១៨៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania