អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជា៣រូបជានិមិត្តរូបលោក សុក វាសនា
31 May 2020 13:03 1299

លោក សុក វាសនា គ្រូបង្គោលក្លិបអាស៊ីអឺរ៉ុបយូណាយធីតបង្ហើបថា លោកបានរៀនយកគម្រូក្នុងការដឹកនាំតាមអតីតគ្រូបង្គោលជម្រើសជាតិកម្ពុជា៣រូប គឺលោក Joachim Fickert, លោក Scott O’Donnell និងលោក ប្រាក់ សុវណ្ណារ៉ា។ 

លោក សុក វាសនា បានមើលឃើញពីចំណុចពិសេសរៀងៗខ្លួនរបស់អ្នកជំនាញបាល់ទាត់ទាំង៣រូបខាងលើជាពិសេសប្រព័ន្ធលេងលើទីលាន។ 

គ្រូបង្វឹកកាន់ B-License ពន្យល់ “៖នៅជម្រើសជាតិខ្ញុំឆ្លងកាត់គ្រូបរទេសពីរនាក់ គឺលោកគ្រូអាល្លឺម៉ង់ Joachim Fickert ទីពីរគឺលោក Scott O’Donnell ដែលជាជនជាតិអូស្ត្រាលី។ ចំណែកលោក ប្រាក់ សុវណ្ណារ៉ា ខ្ញុំបានឆ្លងកាត់តាមការបង្រៀនវគ្គគ្រូក្រោមការបណ្ដុះបណ្ដាលរបស់គាត់។ គ្រូអាល្លឺម៉ង់គាត់ខ្លាំងប្រព័ន្ធ ៣-៥-២។ ហ្វឹកហាត់ផ្តោតទៅលើការពារវាយបក លំហាត់គាត់គឺយកតាមប្រទេសកំណើតរបស់គាត់។ ទីពីរ Scott គាត់ខ្លាំងលើប្រព័ន្ធ៤-៣-៣ ផ្តោតលើការគាបសង្កត់នៅខាងលើរួមមានរបៀបការពារ Set piece ដឹងពីក្រុមគេតើនរណា Key player ហើយងាយស្រួលទទួល និងធ្វើតាមគាត់ ហើយការបញ្ជានៅជាប់ទីលានពីដើមដល់ចប់។ សម្រាប់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ខ្លាំងប្រព័ន្ធ ៤-៤-២ និង ៤-២-៣-១ បត់បែនលឿន យល់ដឹងការដឹកនាំកីឡាករខ្មែរច្រើនហើយងាយយល់ពីអ្វីដែលគាត់ចង់ឲ្យធ្វើ ទាំងអស់នេះគ្រាន់តែជាចំណុចចោះយកមកខ្លះនោះទេ។”

ក្រៅពីនេះ អតីតគ្រូ U18 ព្រះខ័នរាជស្វាយរៀងក៏បានព្យាយាមមើលតាមការដឹកនាំរបស់មិត្តរួមអាជីពមួយចំនួនទៀតដែលមានលោក មាស ចាន់ណា ជាដើម។

គួរដឹងដែរថា លោក សុក វាសនា ធ្វើជាកីឡាករអាជីពបាល់ទាត់ពីចន្លោះឆ្នាំ១៩៩៧ដល់២០០៦ និងធ្លាប់ជាប់ជម្រើសជាតិផងដែរ មុនឈានជើងចូលធ្វើគ្រូបង្វឹកនៅឆ្នាំ២០១២។ 

សម្រាប់លោក Joachim Fickert បានដឹកនាំជម្រើសជាតិកម្ពុជាពីចន្លោះឆ្នាំ១៩៩៦ដល់២០០៣។ ចំណែកលោក Scott O’Donnell កាន់តំណែងគ្រូធំពីរលើក គឺពីឆ្នាំ២០០៥ដល់២០០៧ និង២០០៩ដល់២០១០ ខណៈលោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់ដឹកនាំបានពីរដងក្នុងនាមគ្រូផ្លូវការ និងមួយលើកជាគ្រូបណ្ដោះអាសន្ន៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania