លោក ស៊ុំ វណ្ណា បង្ហាញពីក្ដីបារម្ភខ្លះៗមុន MCL ដំណើរការវិញ

15 Jun 2020 08:12

1171

Share :


គិតមកទល់ពេលនេះ ការត្រៀមខ្លួនរបស់កីឡាករភ្នំពេញក្រោនមិនទាន់ពេញលេញ១០០ភាគរយទេសម្រាប់ការវិលត្រលប់នៃក្របខណ្ឌ Metfone Cambodian League ហើយក្នុងនោះ កូនក្រុមមួយចំនួនក៏មានបញ្ហារបួសទៀតផង។ នេះបើតាមការលើកឡើងពីលោកស៊ុំ វណ្ណា ដែលជាគ្រូបង្គោល។

ជាមួយគ្នានេះ គ្រូបង្វឹកក្រុមជើងឯក MCL ៦សម័យមើលឃើញថា ការផ្អាកសកម្មភាពប្រកួតផ្លូវការច្រើនសប្ដាហ៍ ធ្វើឲ្យការប្រមូលផ្ដុំឡើងវិញ ប្រៀបដូចការផ្ដើមរំឭកមេរៀនចាស់ៗដូច្នោះដែរ។

លោក ស៊ុំ វណ្ណា រៀបរាប់បែបនេះ “៖តាំងពីយើងចាប់ផ្ដើមហាត់មកដល់ឥឡូវ យើងលេងមិត្តភាពបាន៣ប្រកួតហើយ តែជាក់ស្ដែងអ្វីដែលយើងរំពឹងទុកពីកីឡាករ និងការធ្វើការជាមួយគាត់ គឺមិនដល់៧០ភាគរយទេ យើងបន្តធ្វើការទៀត ពីរទៅបីសប្ដាហ៍ទៀត រំពឹងថា យើងនឹងអាចធ្វើបានល្អ។ ចំពោះការព្រួយបារម្ភវិញ គឺពាក់ព័ន្ធទៅនឹងបរិមាណកីឡាកររបួស ព្រោះពេលចូលវិញ យើងគិតថា ជាពេលវេលាមួយស័ក្ដិសមហើយ តែដោយសារកីឡាករយើងសម្រាកយូរ ៦ទៅ៨សប្ដាហ៍ ប្រៀបដូចកីឡាករថ្មីទើបចាប់ផ្ដើមហ្វឹកហាត់។ អ៊ីចឹងពេលចូលមក យើងមានបញ្ហាផ្សេងៗដូចជាការរៀបចំ តាំងពីកម្លាំងកាយ កម្លាំងចិត្ត និងតាក់ទិចក្រុម ដូច្នេះវាដូចជាការរំឭកអ្វីដែលយើងបានរៀនពីមុនមក។”

គួរដឹងដែរថា ភ្នំពេញក្រោន បានគ្រប់គ្រងកំពូលតារាង MCL ២០២០ បន្ទាប់ពីដំណើរការបាន៥ប្រកួតមុនផ្អាកជាបណ្ដោះអាសន្នដោយសារជំងឺកូវីដ១៩។ ក្នុងនោះ ក្រុមលោក ស៊ុ វណ្ណា រកបានជ័យជម្នះ៤ដង និងស្មើមួយជាមួយជើងឯក២០១៩ ព្រះខ័នរាជស្វាយរៀង។

ក្រុមមានមូលដ្ឋាននៅ Smart RSN ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវវិសាខា នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា សម្រាប់ការប្រកួតដំបូងក្រោយ MCL វិលវិញជាថ្មី៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania