សាយ ពិសិដ្ឋ “៖ក្រុមខ្ញុំត្រៀមល្អហើយទាំងឆន្ទៈ និងស្មារតីសម្រាប់ជំនួបគិរីវង់”
30 Jun 2020 06:49 422

ទាំងស្មារតី និងឆន្ទៈរបស់សមាជិកក្លិបបាល់ទាត់នគរបាលជាតិ ត្រូវបានត្រៀមយ៉ាងពេញលេញរួចរាល់ហើយសម្រាប់ការវិលត្រលប់នៃក្របខណ្ឌ Metfone Cambodian League 2020 ជាពិសេសជំនួបគិរីវង់សុខសែនជ័យ ដែលជាការប្រកួតដំបូងក្រោយផ្អាកមួយរយៈធំ។ នេះបើតាមការឲ្យដឹងពីប្រធានក្រុម សាយ ពិសិដ្ឋ។ 

ខ្សែការពារស្នូលដដែលបញ្ជាក់ថា ពុំមានបញ្ហាអ្វីចោទខ្លាំងទេក្នុងក្រុម ដោយគ្រាន់តែសមាជិកហាក់ហត់នឿយបន្តិចពីការត្រៀមខ្លួនយ៉ាងពេញទំហឹងកន្លងមក។ តែយ៉ាងណា អ្វីៗបានវិវឌ្ឍរកភាពប្រសើរឡើងវិញហើយគិតមកទល់ពេលនេះ។

អតីតសមាជិកជម្រើសជាតិកម្ពុជា ពន្យល់ “៖ក្រុមយើងត្រៀមខ្លួនបានល្អហើយទាំងស្មារតី និងឆន្ទៈ។ កីឡាករទាំងអស់យកចិត្តទុកដាក់ហ្វឹកហាត់ទាំងខ្មែរ និងបរទេស។ ចំពោះកង្វល់ក្នុងក្រុម មិនមានអ្វីចោទទេ គ្រាន់យើងហត់នឿយបន្តិចប៉ុណ្ណឹងកន្លងមកពាក់ព័ន្ធនឹងការប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាត្រៀមលីគចូលមកវិញនេះ។ ប៉ុន្តែឥឡូវ យើងគិតថា ប្រសើរវិញហើយ។ ចំពោះគិរីវង់វិញ ឃើញថា រដូវកាលនេះពួកគេរៀបចំបានល្អ ហើយកីឡាករក៏មានគុណភាពទាំងខ្មែរ និងបរទេស ប៉ុន្តែយើងសង្ឃឹមថា នឹងធ្វើបានល្អ។”

ដោយឡែក សាយ ពិសិដ្ឋ បង្ហើបថា រូបគេមិនទាន់ច្បាស់ពីការបង្ហាញខ្លួនសម្រាប់នគរបាលជាតិក្នុងការប្រកួតជាថ្មីនេះឡើយ ដោយសារមានបញ្ហាខ្លះៗត្រង់កជើងដែលជារបួសចាស់ និងបានកើតឡើងអំឡុងការប្រកួតមិត្តភាពមួយកាលចុងសប្ដាហ៍។ ដូច្នេះគេត្រូវតាមដានបន្តទៀតសិន។ 

គួរបញ្ជាក់ថា ការប្រកួតរវាងនគរបាលជាតិ និងគិរីវង់សុខសែនជ័យ នឹងប្រព្រឹត្តទៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania