គ្រូសៀមរាប ថា នាំមុខពីរគ្រាប់មិនទាន់គ្រប់គ្រាន់ ខណៈគ្រូកណ្ដាលឃើញកូនក្រុមខ្វះមួយចំណុច
02 Jul 2020 11:06 597

ទោះនាំមុខ៣ទល់នឹង១លើខេត្តកណ្ដាលនៅជើងទីមួយ វគ្គ៨ក្រុម ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ កាលថ្ងៃអង្គារ ទី៣០ មិថុនា លោក លី ធារ៉ា គ្រូបង្គោលក្រុមខេត្តសៀមរាប គិតថា មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះលោកនឹងពង្រឹងបន្ថែមទៀតមុនជើងទីពីរ។ 

មិនទាន់គ្រប់គ្រាន់ដោយសារមានកូនក្រុមមួយចំនួនបានជាប់ពិន័យ មិនអាចចូលលេងបានក្នុងការប្រកួតនៅទឹកដីខេត្តកណ្ដាល។ នេះបើតាមការសង្កត់ធ្ងន់បន្ថែមពីគ្រូបង្វឹកក្រុមជើងឯករងថ្នាក់ខេត្ត ២០១៩។ 

លោក លី ធារ៉ា បញ្ជាក់លម្អិត “៖ការលេងរបស់កូនក្រុមខ្ញុំហាក់ស្រុតកម្លាំង និងបច្ចេកទេស បន្តិច។ សម្រាប់លទ្ធផលនាំមុខ៣ទល់នឹង១នេះ ក៏មិនទាន់សុវត្ថិភាពដែរសម្រាប់យើង ព្រោះមានកូនក្រុមខ្លះបានកាតលឿងកាលវគ្គចែកពូល ហើយជើងទីមួយនេះបានកាតលឿងទៀត អ៊ីចឹងនឹងត្រូវជាប់ពិន័យមិនអាចលេងបានទេនៅជើងទីពីរ។”

ចំណែកលោក ពុំ តុលា គ្រូបង្គោលក្រុមខេត្តកណ្ដាលយល់ឃើញថា បច្ចេកទេសលេងរបស់កូនក្រុមល្អហើយ តែអ្វីជាបញ្ហាសំខាន់ដែលនាំឲ្យសៀមរាបឆក់ឱកាសនាំមុខនៅជើងទីមួយ គឺកីឡាករហាក់នៅស្ទើរទំនុកចិត្ត។

អតីតខ្សែការពារជម្រើសជាតិកម្ពុជាពន្យល់លម្អិត “៖ចំពោះកូនក្រុមខ្ញុំនៅខ្វះខាតរឿងមួយ។ បច្ចេកទេស និងតាក់ទិចអីអត់ខ្វះខាតទេ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺទំនុកចិត្ត។ កូនក្រុមអត់សូវហ៊ានលេង អត់មានភាពជឿជាក់លើខ្លួនឯង។ យូរៗទៅជាខ្វះខាតទំនុកចិត្តលើខ្លួនឯងទៅវិញ។"

គ្រូបង្គោលធ្លាប់ជាកីឡាករសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទលើក និងភ្នំពេញក្រោន ឡើងថា ការនាំមុខពីរគ្រាប់របស់សៀមរាបហាក់ច្រើនបន្តិចមែន ប៉ុន្តែលោកជឿជាក់កូនក្រុមអាចវាយបកវិញពេលវិលទៅលេងនៅទឹកដីខ្លួនឯងជើងទីពីរ។ 

គួរបញ្ជាក់ថា ជើងទីពីរ វគ្គ៨ក្រុម ថ្នាក់ខេត្ត រវាងក្រុមទាំងពីរនឹងប្រព្រឹត្តទៅកីឡដ្ឋានខេត្តកណ្ដាល ថ្ងៃអង្គារ ទី០៧ ខែកក្កដា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania