សល់ពេលត្រៀមខ្លួនបន្តទៀតជារឿងល្អម្យ៉ាង តែអាស៊ីអឺរ៉ុបក៏កំពុងមានកង្វល់មួយដែរ
02 Jul 2020 13:55 561

អាស៊ីអឺរ៉ុបយូណាយធីត នឹងវិលចូលការប្រកួតក្របខណ្ឌ Metfone Cambodian League 2020 សាជាថ្មី នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ពោលមានពេលបន្ថែមទៀតដើម្បីត្រៀមខ្លួន ព្រោះការប្រកួតជាផ្លូវការចាប់ផ្ដើមពីថ្ងៃទី០៤ ខែកក្កដា តទៅហើយ។ 

លោក សុក វាសនា ដែលជាគ្រូបង្គោល ចាត់ទុកជារឿងល្អដែលចាប់ផ្ដើមក្រោយគេមួយសប្ដាហ៍ ព្រោះអាចពង្រឹងខ្លួនបន្ថែម។ តែជាមួយគ្នានេះ លោកថា ក៏កំពុងជួបបញ្ហាមួយដែរពាក់ព័ន្ធនឹងកូនក្រុម ដោយកីឡាករសំខាន់ៗខ្លះមានបញ្ហារបួស។

គ្រូបង្វឹកក្រុមតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបពន្យល់ថា “៖យើងត្រៀមរួចរាល់ហើយ តែយើងនៅមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងបញ្ហារបួសកីឡាករដែលអាចប៉ះពាល់ដល់ការប្រកួតសប្ដាហ៍ក្រោយ។ ពេលវេលាល្អដែលសល់មួយអាទិត្យទៀត តែបើក្រលេកមើលកីឡាករ គឺខ្លះរបួសរយៈពេលយូរ។ យ៉ាងណា យើងនឹងព្យាយាមពង្រឹងកីឡាករមួយចំនួនដែលមិនសូវមានឱកាសលេង ឲ្យបានចូលលេង។ សង្ឃឹមថា ពួកគាត់នឹងអាចជួយក្រុមបាន។”

លោក សុក វាសនា ក៏បង្ហាញកង្វល់បន្ថែមទៀតដែរពាក់ព័ន្ធទៅនឹងការប្រកួតចាប់ពីសប្ដាហ៍ក្រោយទៅ ដែលត្រូវប៉ះសុទ្ធតែក្រុមខ្លាំងៗ។ ជាក់ស្ដែង ការត្រលប់មកវិញក្រោយផ្អាកបណ្ដោះអាសន្នជាង៣ខែ ក្រុមរបស់លោកត្រូវជួបក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង។ 

៥ប្រកួតដំបូងនៅ Metfone Cambodian League 2020 អាស៊ីអឺរ៉ុបយូណាយធីត ឈរលេខ៨ មាន៧ពិន្ទុពីជ័យជម្នះពីរដង ស្មើមួយ និងចាញ់ពីរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania