លោក មាស ចាន់ណា មើលឃើញចំណុចពិសេសពីររបស់ទ័ពមុនប៉ះគ្នាថ្ងៃអាទិត្យនេះ
03 Jul 2020 15:56 322

ទោះមានការផ្លាស់ប្ដូរសមាសភាពច្រើននៅដើមរដូវកាល តំបន់ការពារ និងបម្រើ របស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រូវបានលោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍ មើលឃើញថា មានការរៀបចំយ៉ាងល្អដែលធ្វើឲ្យគូប្រកួតពិបាកវាយលុក។

ជាក់ស្ដែងក្នុងការប្រកួតទ័ពឈ្នះវិសាខាកាលខែមីនាមុនផ្អាកបណ្ដោះអាសន្ន លោក មាស ចាន់ណា សង្កេតឃើញកូនក្រុមលោក ទេព ឡុងរចនា មានខ្សែការពារដល់ទៅ៥នាក់ និងមានខ្សែបម្រើការពារពីរនាក់ទៀតចាំជួយ។

គ្រូបង្វឹកកាន់ A-License ពន្យល់” ៖ ប្រកួតចុងក្រោយកាលទ័ពលេងជាមួយវិសាខា គឺពួកគាត់លេងបានល្អមែនទែន។ អ្វីសំខាន់គឺ មានការពារ៥នាក់បូកបម្រើការពារ២ ធ្វើឲ្យខ្លាំងនៅតំបន់កណ្តាល ដែលអាចពិបាកបុក។ យើងនឹងព្យាយាមទម្លាយរបាំងការពាររបស់ទ័ព និងព្យាយាមបញ្ឆោតឲ្យលេងចូលក្នុងក្បួនរបស់យើង។”

ជាមួយគ្នានេះ លោក មាស ចាន់ណា ក៏បានសរសើរដល់ក្បួនការពារវាយបកប្រកបដោយប្រសិទ្ធភាពរបស់អតីតក្លិបក្រសួងការពារជាតិមួយនេះដែរ យ៉ាងណា លោកនឹងរៀបចំយុទ្ធសាស្ត្រឲ្យបានល្អដើម្បីដណ្ដើមយក៣ពិន្ទុពីការប្រកួតជាថ្មីនេះ។

គួរដឹងដែរថា ណាហ្គាវើលដ៍ដែលឈរនៅលេខរៀងទី៦មាន៨ពិន្ទុ ត្រូវជួបក្រុមលេខ៧ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃអាទិត្យទី ០៥កក្កដា វេលាម៉ោង៦ល្ងាច នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania