លោក គឹម ភក្ដី លើកឡើង៣ចំណុចក្នុងនាមគ្រូបង្គោលបណ្ដោះអាសន្នបឹងកេត
04 Jul 2020 09:28 681

លោក គឹម ភក្ដី ត្រូវបានក្លិបបឹងកេតតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្នជំនួសលោក Apisit Im Amphai ដែលបានសម្រេចចិត្តត្រលប់ទៅប្រទេសថៃវិញ កាលខែមិថុនា កន្លងទៅ។ 

នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ក្រុមមានមូលដ្ឋាននៅកីឡដ្ឋាន Cambodia Airways នឹងទទួលស្វាគមន៍សូលទីឡូអង្គរ សម្រាប់ការវិលត្រលប់នៃក្របខណ្ឌ Metfone Cambodian League 2020 ក្រោយផ្អាកបណ្ដោះអាសន្នជាង៣ខែ។ 

ទាក់ទងនឹងការងារជាគ្រូបង្វឹកបណ្ដោះអាសន្ន និងបានដឹកនាំបានជាងពីរសប្ដាហ៍មកនេះ លោក គឹម ភក្ដី អះអាងថា នឹងទទួលខុសត្រូវចំពោះគ្រប់លទ្ធផល ដោយមិនដាក់បន្ទុកលើពេលវេលាដឹកនាំ ឬលើកូនក្រុមទេ។

គ្រូបង្វឹកកាន់ A-License ពន្យល់ “៖វាជាការទទួលខុសត្រូវក្នុងនាមខ្ញុំជាគ្រូបង្គោល មិនដាក់បន្ទុកលើកីឡាករ ឬពេលវេលាទេ។ បើលទ្ធផលប្រសើរ ឬមិនប្រសើរ ខ្ញុំនឹងយកចំណុចទាំងអស់ទៅសិក្សាបន្តទៀត។ ខ្ញុំមិនដាក់បន្ទុកលើនរណា ឬអ្វីមួយហួសពីការទទួលខុសត្រូវទេ។”

អតីតគ្រូបង្គោលក្លិបឆ្លាមសមុទ្របន្តថា ពុំមានបន្ទុកអារម្មណ៍ ឬសម្ពាធឡើយជុំវិញការងារថ្មីនេះ ព្រោះលោក និងកីឡាករ បានធ្វើការជាមួយគ្នាជាប្រចាំ។ 

លោក គឹម ភក្ដី លម្អិត “៖មិនមែនជាសម្ពាធ ឬបន្ទុកអ្វីធ្ងន់ធ្ងរសម្រាប់ខ្ញុំក្នុងការដឹកនាំទេ ព្រោះយើងបានធ្វើការជាមួយគ្នាជាប្រចាំ។ អ៊ីចឹងទោះបីមកដឹកនាំផ្ទាល់ យើងនៅតែអាចរក្សាគុណផល និងគោលការណ៍ក្លិបបានដដែល។”

ពាក់ព័ន្ធនឹងតាក់ទិចក្រុមវិញ គ្រូបង្វឹកបណ្ដោះអាសន្នដែលមានតួនាទីដើមជានាយកបច្ចេកទេសបឹងកេតនោះទទួលស្គាល់ថា ពិតជាមាន តែមិនមែនទាំងស្រុងទេ។

លោក គឹម ភក្ដី បញ្ជាក់ “៖ពិតជាមានហើយ ព្រោះគ្រូផ្សេងគ្នា យុទ្ធសាស្ត្រក៏អាចផ្សេងគ្នាដែរ។ ប៉ុន្តែអ្វីដែលខ្ញុំកែប្រែ គឺធ្វើទៅតាមអ្វីដែលមានរួចទៅហើយ។ ខ្ញុំធ្វើបន្តិចម្ដងៗដើម្បីឲ្យកីឡាករយល់។ យើងធ្វើតាមកម្រិតដែលកីឡាករយើងធ្លាប់ធ្វើ និងងាយយល់ អ៊ីចឹងយើងនឹងបន្តដើម្បីឲ្យកីឡាករមានរបៀបលេងតែមួយ និងយល់គ្នាទៅវិញទៅមក។ ដូច្នេះ ការកែប្រែមិនច្រើនពេកទេ យើងធ្វើទៅតាមលទ្ធភាពដែលកីឡាករអាចធ្វើបាន។”

គួរដឹងដែរថា លោក គឹម ភក្ដី ដែលធ្លាប់ជាក្រុមការងារគ្រូបង្វឹកនៅសាលាបាល់ទាត់ជាតិបាទី បានចូលរួមជាមួយបឹងកេត នៅដើមឆ្នាំ២០១៩ ក្នុងនាមជានាយកបច្ចេកទេស៕

អត្ថបទ៖ CNCC 
រូបភាព ៖ Boeung Ket Football Club

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania