លោក មាស ចាន់ណា “៖រាល់ការប្រកួត ខ្ញុំតែងតែត្រៀមរបៀបលេងពីរ”

06 Jul 2020 12:15

889

Share :


មិនថាប្រកួតណាទេ លោក មាស ចាន់ណា បានត្រៀមជានិច្ចនូវរបៀបលេងពីរយ៉ាងសម្រាប់ណាហ្គាវើលដ៍ និងផ្លាស់ប្ដូរទៅតាមស្ថានភាពលើទីលាន។

ជាក់ស្ដែងក្រោយរបូតមួយគ្រាប់ពីជើងណារ៉ុង កក្កដា នៅវគ្គទីមួយ ជំនួប Metfone Cambodian League 2020 តទល់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ កាលថ្ងៃអាទិត្យ ទី០៥ ខែកក្កដា លោក មាស ចាន់ណា បង្ហើបថា បានប្ដូរទៅរបៀបលេងផ្សេងទៀតនៅវគ្គទីពីរ ដើម្បីកែប្រែស្ថានការណ៍។

គ្រូបង្វឹកកាន់ A-License ពន្យល់ “៖ក្រុមខ្ញុំមានពីររបៀបនៃការលេង ហើយកីឡាករក៏យល់ដែរ អ៊ីចឹងខ្ញុំប្រែប្រួលតាមកាលៈទេសៈ។ វគ្គទីពីរ យើងក៏ប្ដូរទៅរបៀបលេងទីពីរ ប៉ុន្តែខ្ញុំមិនអាចបកស្រាយបានទេ។ អ្វីដែលខ្ញុំអាចនិយាយបាន គ្រាន់តែថា យើងព្យាយាមបំបែកបម្រើការពារពីរ និងបម្រើប្រយុទ្ធពីរខាងទ័ព។ ពេលណាបំបែកបានហើយ ខ្ញុំអាចទម្លុះការពារ៥គេបានហើយ។ អ្វីខ្ញុំរៀបចំ គឺមានតែប៉ុណ្ណឹង តែបើទម្រង់លេងលម្អិតតែម្ដង ខ្ញុំមិនអាចទម្លាយបានទៀតទេ។” 

ណាហ្គាវើលដ៍បានវាយបកយកឈ្នះសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ៤ទល់នឹង១ ដោយ Shane Booysen តាមស្មើនាទី៥០។ ក្រោយមក កាន់ ពិសាល បានកាតក្រហមដែលជាឱកាសកាន់តែល្អសម្រាប់ណាហ្គាបង្កើនសម្ពាធ ហើយយកបាន៣គ្រាប់ទៀតពីជើង គួច ដានី, Naruse Yuta និង Shane Booysen សាជាថ្មី។

ជ័យជម្នះត្រចះត្រចង់នេះធ្វើឲ្យណាហ្គាវើលដ៍ ឈរនៅលេខ៤ មាន១១ពិន្ទុពីការប្រកួត៥លើក ខណៈទ័ពស្ថិតនៅលេខ៧ មាន៨ពិន្ទុពីការប្រកួត៦ដង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania