សម្ដីភាគីកែប និងត្បូងឃ្មុំ មុនប៉ះគ្នាជើងទីពីរថ្ងៃនេះ

22 Jul 2020 07:32

1612

Share :


ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងបញ្ចប់ជើងទីពីរ នៅថ្ងៃរសៀលថ្ងៃពុធ ទី២២ ខែកក្កដា នេះ។

កាលជើងទីមួយនៅថ្ងៃពុធ ទី១៥ ខែកក្កដា ត្បូងឃ្មុំបាននាំមុខកែបលើដីខ្លួនឯង២ទល់នឹង១ និងសៀមរាប ចាញ់ព្រៃវែង ០ទល់នឹង២។ 
ការប្រកួតជើងទីពីរថ្ងៃពុធសប្ដាហ៍នេះ ទោះមិនបានលេងខ្លួនឯងដោយសារបញ្ហារបួសមិនទាន់ធូរស្បើយ ខ្សែប្រយុទ្ធជម្រើសខេត្តកែប ទេព ស៊ើហ្វីអ៊ី គិតថា ក្រុមរបស់គេអាចមានសង្ឃឹមច្រើនក្នុងការវាយបកត្បូងឃ្មុំ ព្រោះកីឡដ្ឋានកែបមានស្ថានភាពប្រសើរជាងមេមត់។ 

ទេព ស៊ើហ្វីអ៊ី រៀបរាប់បែបនេះ ៖ "ខ្ញុំគិតថាលទ្ធផលដែលចាញ់ក្នុងដី២ទល់១ គឺខេត្តត្បូងឃ្មុំមិនទាន់កក់ក្តៅទេបង ហើយខេត្តកែបសង្ឃឹម៩០%ថានឹងវាយបកក្នុងទឹកដីវិញ។ កត្តាទីមួយ ទីលានកែបមិនពិបាក ដូចខេត្តត្បូងឃ្មុំ ហើយសាច់បាល់របស់ពួកគាត់មើលទៅគឺគ្មានអ្វីដែលធ្វើឲ្យពួកខ្ញុំពិបាកក្នុងការការពារ ព្រោះអីពួកគាត់លេងគ្នានក្បួនគឺអាងតែកម្លាំង ទាំងបច្ចេកទេសគឺពួកគាត់ នៅមានកម្រិត។ អ៊ីចឹងពួកខ្ញុំលេងជើងទីមួយដឹងពីតាក់ទិចរបស់ពួកគាត់។ ជើងទី២ពួកខ្ញុំនឹងប្តូរយុទ្ធសាស្រ្តខ្លះៗដើម្បីវាយបកយកឈ្នះត្បូងឃ្មុំ។”

ពាក់ព័ន្ធនឹងការលេងក្រៅដីវិញ លោក ផន រស្មីពេជ្រ គ្រូបង្គោលជម្រើសខេត្តត្បូងឃ្មុំលើកឡើងថា ពុំមានបញ្ហាអ្វីទេ ព្រោះគិតថា ជារឿងធម្មតាសម្រាប់ក្រុមលោក មិនថា លេងក្នុងឬក្រៅដី។ 

លោក ផន រស្មីពេជ្រ បញ្ជាក់ “៖ចំពោះក្រុមខ្ញុំ ការលេងក្រៅដី ឬក្នុងដី ដូចតែគ្នាទេ។ សម្រាប់កែប យើងដឹងថា ពួកគាត់នឹងលេងប្រយុទ្ធខ្លាំង អ៊ីចឹងយើងនឹងព្យាយាមបំបែកយុទ្ធសាស្ត្ររបស់ពួកគាត់។ រឿងទីលានវិញក៏យើងសប្បាយចិត្តបានឃើញស្អាតអ៊ីចឹង។”

គួរបញ្ជាក់ថា ក្រុមឈ្នះនៅថ្ងៃនេះនឹងឡើងទៅប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ ខណៈក្រុមចាញ់នឹងដណ្ដើមលេខ៣នៅថ្ងៃដដែលនោះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania