ព្រៃវែងប៉ះត្បូងឃ្មុំ វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០

22 Jul 2020 17:55

2906

Share :


ក្រុមបាល់ទាត់ជម្រើសខេត្តព្រៃវែង និងត្បូងឃ្មុំ ត្រូវជួបប្រទះគ្នាសាជាថ្មីទៀតហើយក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ តែលើកនេះគឺក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក ក្រោយក្រុមទាំងពីរឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររៀងៗខ្លួន។ 

ជាក់ស្ដែង ព្រៃវែងបានទម្លាក់សៀមរាបដែលជាជើងឯករងថ្នាក់ខេត្ត កាលឆ្នាំ២០១៩។ ជើងទីមួយ ព្រៃវែងឈ្នះ០ទល់នឹង២នៅសៀមរាប ថ្ងៃពុធ ទី១៥ ខែកក្កដា មុនបន្តឈ្នះ ៧ទល់នឹង០ថែមទៀតលើដីខ្លួនឯង នៅថ្ងៃពុធ ទី២២ ខែកក្កដា (សរុបពីរជើង៩ទល់នឹង០)។ 

ចំណែកត្បូងឃ្មុំដែលឈ្នះកែប២ទល់នឹង១លើដីខ្លួនឯងនៅជើងទីមួយ បានបន្តឈ្នះ១ទល់នឹង៣ថែមទៀតជើងទីពីរនៅខេត្តកែប ហើយសរុបទាំងពីរជើង គឺ៥ទល់នឹង២។
ព្រៃវែង និងត្បូងឃ្មុំ ធ្លាប់ប៉ះគ្នាពីរដងនៅវគ្គចែកពូល ដោយស្មើទាំងពីរលើកតែម្ដង។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ រដូវកាល២០២០ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ។ សម្រាប់ដំណើរការនៃការប្រកួត គឺគូដណ្ដើមយកចំណាត់ថ្នាក់លេខ៣ប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល និងគូផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅវេលាម៉ោង៦ល្ងាច។

ដោយឡែក ក្រុមទាំង៤ខាងលើទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិរួចស្រេចហើយ។ ការចាប់គូវគ្គ១៦ក្រុមថ្នាក់ជាតិនឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែកក្កដា នាពហុកីឡដ្ឋានជាតិ មុនចាប់ផ្ដើមផ្លូវការពីថ្ងៃទី១២ និង១៣ ខែសីហា ដល់វគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៧ ខែវិច្ឆិកា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania